គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ បានចេញសេចក្តីសម្រេចស្តីពីការប្រកាសទទួលស្គាល់ជាផ្លូវការ បេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។
គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការ បេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ តាមមណ្ឌលភូមិភាគទាំង៨ ក្នុងការបោះឆ្នោតកាលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សរុបចំនួន ៥៨រូប ក្នុងនោះមានអ្នកឧកញ៉ាចំនួន ៣រូប ក៏បានជាប់ឆ្នោតផងដែរ ដែលមានដូចខាងក្រោម៖
១. អ្នកឧកញ៉ា កុក អាន ៖ លេខរៀងទី៤ ភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប)
២. អ្នកឧកញ៉ា លី យ៉ុងផាត់ ៖ លេខរៀងទី៤ ភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ)
៣. អ្នកឧកញ៉ា ម៉ុង ឫទ្ធី ៖ លេខរៀងទី៥ ភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ)
គួររំឭកថា សមាជិកព្រឹទ្ធសភា នីតិកាលទី៤ (២០១៨-២០២៤) សរុបមានចំនួន ៦២រូប ដោយមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាប្រធាន ហើយក៏មាន អ្នកឧកញ៉ា កុក អាន, អ្នកឧកញ៉ា លី យ៉ុងផាត់ និងអ្នកឧកញ៉ា ម៉ុង ឫទ្ធី ជាសមាជិកផងដែរ។ ដោយឡែក សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក៏បានឈរឈ្មោះ និងជាប់ជាបេក្ខជនលេខរៀងទី១ ភូមិភាគទី៣ ខេត្តកណ្តាល និងជាបេក្ខភាព «ប្រធានព្រឹទ្ធសភា» សម្រាប់អាណត្តិថ្មី ចាប់ពីឆ្នាំ២០២៤។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង០៦ឆ្នាំម្តង។ ព្រឹទ្ធសភា មានចំនួនសមាជិកយ៉ាងច្រើន ស្មើនឹងពាក់កណ្ដាលនៃចំនួន សមាជិករដ្ឋសភាទាំងមូល។ សមាជិកព្រឹទ្ធសភា ចំនួន២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ, សមាជិកព្រឹទ្ធសភា ចំនួន២រូប ត្រូវបានរដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប (លោក សុខ ឥសាន និងលោក ហេង ហាលីម ទើបត្រូវបានរដ្ឋសភាជ្រើសតាំង) និងសមាជិកព្រឹទ្ធសភាឯទៀតចំនួន ៥៨រូប ត្រូវជ្រើសតាំងដោយ ការបោះឆ្នោតអសកល តាមរយៈសមាជិករដ្ឋសភាក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់៕