មកដឹងពីលក្ខណៈពិសេសរបស់ផ្ទះមហាសេដ្ឋីមានបំផុតនៅអាស៊ី

អន្តរជាតិ

មួយរយៈចុងក្រោយនេះ មហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani ហាក់មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់សាធារណជននៅទូទាំងពិភពលោក ដ្បិតអីកាលពីពេលថ្មីៗលោកបានជះលុយដល់ទៅ ១៥០លានដុល្លារដើម្បីរៀបចំពិធីអាពាហ៍ពិពាហ៍ឲ្យកូនប្រុសពៅសំណព្វចិត្ត ហើយក្នុងនោះផ្ទះរបស់លោកក៏មានការចាប់អារម្មណ៍ខ្លាំងដូចគ្នា ព្រោះតែជាអចលនទ្រព្យផ្ទាល់ខ្លួនដ៏ធំស្កឹមស្កៃបំផុតនៅទីក្រុង Mumbai ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្ទះរបស់លោក Mukesh មានឈ្មោះថា Anilia ដែលដាក់ឈ្មោះតាមកោះ Phantom ក្នុងរឿងទេវកថាដែលមានតម្លៃខ្ទង់ ១ពាន់លានដុល្លារ។ ផ្ទះនេះត្រូវបានសាងសង់លាតសន្ធឹងលើផ្ទៃក្រឡាជាង ៤ ០០០ ០០០ហ្វីតការ៉េ និងមានកំពស់ដល់ទៅ ២៧ជាន់ ដោយក្នុងនោះមាន ៦ជាន់ជាចំណតរថយន្តដែលមានសមត្ថភាពអាចផ្ទុករថយន្តបាន ១៦៨គ្រឿង ចំណែកឯនៅជាន់ដំបូលវិញក៏មានចំណតអាចមានសមត្ថភាពឲ្យឧទ្ធម្ភចក្រចំនួន ៣គ្រឿងចតក្នុងពេលតែមួយបានផងដែរ។ នៅក្នុងផ្ទះរបស់លោក Mukesh គឺត្រូវបានបំពាក់ទៅដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ និងគ្រឿងសង្ហារឹមថ្លៃៗឲ្យដូចទៅនឹងសណ្ឋាគារលំដាប់ផ្កាយ៥ រួមមានទាំងមជ្ឈមណ្ឌលហាត់ប្រាណ បន្ទប់ស្បា បន្ទប់ហាត់យូហ្គា អាងហែលទឹកចំនួន៣  ក៏ដូចជាវត្ថុបុរាណយ៉ាងសំបូរបែបនៅគ្រប់ជ្រុងនៃផ្ទះផងដែរ។ ផ្ទះដែលស្កឹមស្កៃយ៉ាងនេះទៅហើយ វាក៏ត្រូវការអ្នកថែទាំច្រើនផងដែរ ពោលផ្ទះរបស់លោក Mukesh Ambani មានអ្នកចាំថែទាំរហូតដល់ ៦០០នាក់ឯណោះទើបគ្រប់គ្រាន់។

គួរជម្រាបថា លោក Mukesh Ambani មិនមែនត្រឹមតែមហាសេដ្ឋីនៅប្រទេសឥណ្ឌាប៉ុណ្ណោះទេ តែលោកគឺជាមហាសេដ្ឋីដែលមានជាងគេបំផុតនៅអាស៊ី ពោលបច្ចុបន្នលោកមានទ្រព្យសម្បត្តិប្រមាណ ១១៧,៥ពាន់លានដុល្លារ ដោយលោកជាប្រធាន និងនាយកគ្រប់គ្រងក្រុមហ៊ុន Reliance Industries ៕