ក្លិបអ្នកការសែតកម្ពុជា និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី«ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា» រយៈពេលមួយថ្ងៃដល់អ្នកសារព័ត៌មានចំនួន២១នាក់ មកពី២០ស្ថាប័នផ្សេងគ្នា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន សំខាន់អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ច បានស្វែងយល់អំពីតួនាទី និងប្រតិបត្តិការរបស់ការិយាល័យឥណទាន ជាពិសេសការរួមចំណែករបស់ស្ថាប័ននេះក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមពី លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC), លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិការនៃ CBC, លោក ផៃ សុផល នាយកសេវាអតិថិជន, អ្នកស្រី ស៊ីសុវត្ថិ រស្មី នាយិកាអភិវឌ្ឍន៍អាជីវកម្ម, និងអ្នកស្រី ស៊្រី បុប្ផារ័ត្ន ប្រធានផ្នែកស្រាវជ្រាវនិងភាពជាដៃគូ។
បើតាមក្លិបអ្នកកាសែតកម្ពុជា បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះថាពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ច ដោយនឹងទទួលបាននូវចំណេះដឹងបន្ថែមអំពីការអភិវឌ្ឍវិស័យធនាគារ ហិរញ្ញវត្ថុ សំខាន់វាក្យស័ព្ទដែលត្រូវប្រើក្នុងវិស័យនេះ ហើយដែលសំខាន់ជាងនេះទៀតនោះ គឺអ្វីទៅជា CBC? រួមទាំងការយល់ដឹងអំពីដំណើរការទីផ្សារឥណទាន ដែលត្រឹមត្រូវមានតម្លាភាព ហើយអាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។
លើសពីនេះ អ្នកសារព័ត៌មានក៏នឹងទទួលបាននូវចំណេះដឹងច្បាស់លាស់ទាក់ទងនឹងសិទ្ធិរបស់អតិថិជន និងច្បាប់ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបានឥណទានជាមួយលក្ខខណ្ឌសមស្របសម្រាប់ទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាការការពារសិទ្ធិរបស់អតិថិជនផ្ទាល់ខ្លួនពីហានិភ័យឥណទាន និងវិធីដោះស្រាយបញ្ហានៅពេលប្រវត្តិឥណទានមានភាពមិនប្រក្រតី៕