ប្រទេសចិន ថ្មីៗនេះ បានប្រកាសពីការបង្កើនការចំណាយទៅលើវិស័យការពារជាតិរបស់ខ្លួន ដល់ ៧,២% នៅក្នុងឆ្នាំ២០២៤ នេះ ពោលគឺក្នុងចំនួនដូចគ្នាទៅនឹងឆ្នាំមុនដែរ ចំពេលកំពុងមានភាពតានតឹងកាន់តែខ្លាំង ជាមួយកោះតៃវ៉ាន់។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា ថវិកាដែលត្រូវបានចុះបញ្ជីជាផ្លូវការនេះ មានចំនួនសរុបប្រមាណ ១,៦៧ទ្រីលានយ៉ន់ (២៣០,៦ពាន់លានដុល្លារ) ដែលត្រូវបានបែងចែកទៅជាការចំណាយសម្រាប់វិស័យយោធា។
តែទោះបីជាយ៉ាងណាក៏ដោយ ភ្នាក់ងារស៊ើបការណ៍អាមេរិក និងសមាជិកសភាមួយចំនួន បានអះអាងថា ចំនួនថវិកាដែលរដ្ឋាភិបាលចិនប្រកាសនេះ ហាក់ជាចំនួនខុសទាំងស្រុង ដោយតួលេខពិតប្រាកដអាចមានប្រហែល ៧០០ពាន់លានដុល្លារ ឯណោះ ពោលគឺស្ទើតែដូចគ្នាទៅនឹងចំនួនថវិកាលើការចំណាយក្នុងវិស័យការពារជាតិរបស់អាមេរិក កាលពីឆ្នាំមុនដែរ ដែលមានចំនួន ៨០០ពាន់លានដុល្លារ ។
គួរឲ្យដឹងថា ការបែងចែកថវិកាលើវិស័យការពារជាតិរបស់ចិន ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយប្រទេសជិតខាង និងសហរដ្ឋអាមេរិក ដោយសារតែរដ្ឋាភិបាលទីក្រុងប៉េកាំង បាននឹងកំពុងបង្កើន ដូចជាធ្វើការអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ចំពេលកំពុងមានភាពភាពតានតឹងទ្វេភាគីកើនឡើងយ៉ាងខ្លាំង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទៅលើកោះតៃវ៉ាន់។
ជម្រាបជូនផងដែរថា នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ បានបង្ហាញថា ប្រទេសចិន នៅតែប្រកាន់ជំហររបស់ខ្លួន ក្នុងប្រឆាំងដាច់ខាតចំពោះសកម្មភាពបំបែកខ្លួនដែលមានគោលបំណងទាមទារឯករាជ្យភាពរបស់កោះតៃវ៉ាន់ និងការជ្រៀតជ្រែកពីសំណាក់ប្រទេសខាងក្រៅ៕