យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានរាយការណ៍នៅថ្ងៃពុធ ទី៦ ខែមីនានេះថា ប្រទេសម៉ាឡេស៊ី កំពុងរំពឹងទុកខ្ពស់ថាក្រុមហ៊ុនរបស់ប្រទេសអូស្រ្តាលី នឹងចូលមកបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ដល់ទៅ ២៤,៥ពាន់លានរីងហ្គីត (៥,១៧ពាន់លានដុល្លារ) នៅក្នុងប្រទេសរបស់ខ្លួន។
បើតាមសម្តីរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី ក្នុងសប្តាហ៍នេះ ថា ក្រុមហ៊ុនគ្រប់គ្រងទិន្នន័យរបស់អូស្រ្តាលី AirTrunk នឹងបោះទុនប្រហែល ១១ពាន់លានរីងហ្គីត ស្របពេលក្រុមហ៊ុន NextDC ក៏គ្រោងមកបោះទុនចំនួន ៣ពាន់លានរីងហ្គីត ផងដែរ ដើម្បីវិនិយោគនៅក្នុងប្រទេសម៉ាឡេស៊ី ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនរុករករ៉ែ Lynas Rare Earths របស់អូស្ត្រាលី ក៏មានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ ស្របពេលព័ត៌មានជាក់លាក់នៃវេលា និងចំនួនទឹកប្រាក់វិនិយោគ នៅមិនទាន់ត្រូវបានបង្ហាញច្បាស់លាស់នៅឡើយនោះទេ។
លោក Anwar ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា ចំពោះការវិនិយោគដ៏មានសក្តានុពលរបស់ក្រុមហ៊ុនធំៗខាងលើនេះ អាចនឹងបង្កើតការងារសម្រាប់កម្មករជំនាញរហូតដល់ទៅ ១ ២០០ នាក់ នៅក្នុងប្រទេសម៉ាឡេស៊ី។
ដោយឡែក រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិរបស់ម៉ាឡេស៊ី លោក Tengku Zafrul Aziz បានអះអាងទៀតផងដែរថា មន្ត្រីរដ្ឋាភិបាលប្រទេសរបស់ខ្លួន បានជួបជាមួយតំណាងក្រុមហ៊ុនអូស្ត្រាលីចំនួន ២០ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ដោយក្នុងនោះក្រុមហ៊ុនចំនួន ៨ បានសន្យាចូលមកបោះទុនក្នុងចំនួនទឹកប្រាក់ ៣,៣៨ពាន់លានដុល្លារ គិតរហូតមកដល់ពេលនេះ៕