លោកឧកញ៉ា ខូវ គីមបាក់ ជាពាណិជ្ជករចាស់វស្សាមួយរូប ដែលបានចាប់ផ្តើមប្រកបមុខជំនួញ តាំងពីប្រទេសកម្ពុជាចប់សង្គ្រាមផ្ទៃក្នុងនៅទសវត្សរ៍ឆ្នាំ១៩៩០។ បច្ចុប្បន្នលោកឧកញ៉ា មានមុខជំនួញជាច្រើនពហុវិស័យ រួមមានទាំងផ្នែកអចលនទ្រព្យ សំណង់ និងហិរញ្ញវត្ថុ ផងដែរ។ ថ្ងៃនេះ ឧកញ៉ាញូស៍ សូមបង្ហាញមុខជំនួញខ្លះៗរបស់លោកឧកញ៉ា ខូវ គីមបាក់ ដូចខាងក្រោម៖
ឧកញ៉ា ខូវ គីមបាក់ គឺជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកគ្រឹះស្ថាន សប្បាយ ក្រេឌីត ខមមើសល ភីអិលស៊ី (Sabay Credit Commercial Plc.)។ បើតាមរបាយការណ៍របស់គ្រឹះស្ថានហិរញ្ញវត្ថុមួយនេះ នៅឆ្នាំ២០២០ បានឱ្យដឹងថា លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច និងបានបង្កើតគ្រឹះស្ថាន សប្បាយ ក្រេឌីត ខមមើសល ភីអិលស៊ី ជាក្រុមហ៊ុនមានកម្រិតក្រោមច្បាប់ និងបទប្បញ្ញត្តិនានា ដោយបានទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ និងបានទទួលអាជ្ញាប័ណ្ណស្របច្បាប់ ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។
នៅឆ្នាំ១៩៨៩ រហូតមកដល់បច្ចុប្បន្នលោកឧកញ៉ា ជាអគ្គនាយក របស់ក្រុមហ៊ុន ម្សៅមី អាស៊ី (Asia Flour Mill Corp.) និងនៅឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩ ជាជំនួយការសម្តេចក្រឡាហោម ស ខេង។ ចាប់ពីឆ្នាំ១៩៩៩ មក លោកឧកញ៉ា ធ្លាប់ជាទីប្រឹក្សាសម្តេច ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
បន្ថែមពីនេះ លោកឧកញ៉ា ក៏ជាម្ចាស់បុរី ភ្នំពេញ ផាក ដែលមានទីតាំងស្ថិតលើផ្លូវជាតិលេខ ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ ឧកញ៉ា ខូវ គីមបាក់ គឺជានាយកប្រតិបត្តិ ជ្រោយចង្វារ ព្រែកលៀប ខនស្ត្រាក់សិន (ភ្នំពេញ ផាក) ដែលជាសមាជិករបស់សមាគមអ្នកសាងសង់កម្ពុជា។ នេះបើតាមការបង្ហាញឱ្យពីសមាគមអ្នកសាងសង់កម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
សូមជម្រាបផងដែរថា លោកឧកញ៉ា ខូវ គីមបាក់ ជាបុគ្គលសំខាន់មួយរូបដែលបានជួយសម្តេចតេជោ ហ៊ុន សែន តាំងពីដំណើរការចរចាសន្តិភាព។ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ ក្បែររោងចក្រស៊ីភី ស្រុកអង្គស្នួល ខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា កន្លែងនេះគឺជារបស់ ឧកញ៉ា ខូវ គីមបាក់ ដែលលោកឧកញ៉ា ជាអ្នកជួយសម្តេចតាំងពីដំណើរការចរចាសន្តិភាពដំបូងមកម៉្លេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមដូច្នេះថា៖ “ថ្ងៃនេះបានមកកន្លែងលោក ខូវ គីមបាក់។ ឯណាបាក់? ដូចអត់មកទេ។ មិនស្រួលនៅស្រុកបារាំង។ នេះកន្លែងរបស់លោក ខូវ គីមបាក់។ ហ្នឹងដីរបស់គាត់។ ខូវ គីមបាក់ នេះ គឺជាអ្នកដែលជួយពូ នៅក្នុងពេលដែលពូទៅចរចាជាមួយនឹងសម្តេចព្រះករុណាបិតានៅឯប្រទេសបារាំង។ មាន ខូវ គីមបាក់ នេះមួយ ក្នុងចំណោមអ្នកដែលចូលរួមជួយ។ ក្រោយមកគាត់ចូលមករកស៊ីនៅស្រុកខ្មែរ គាត់ធ្វើរោងចក្រម្សៅមី។ គាត់មានដីមានធ្លីអីចឹងទៅ។ ហ្នឹងជាប្រវត្តិរបស់ ខូវ គីមបាក់ ប៉ុន្តែគាត់ក៏មិនដែលមកពឹងយើងឱ្យអន្តរាគមន៍ធ្វើនេះធ្វើនោះទេ។ គាត់មិនខ្វល់នឹងរកអន្តរាគម៍អញ្ចឹងទេ ពិតមែនតែគាត់បានជួយតាំងពីដំណើរការសន្តិភាពដំបូង”៕