Tesla ផ្អាកសង្វាក់ផលិតកម្មនៅរោងចក្រនៃប្រទេសអាល្លឺម៉ង់ រហូតដល់សប្ដាហ៍ក្រោយ

អន្តរជាតិ

ក្រុមហ៊ុនរថយន្តអគ្គិសនីខ្នាតយក្ស Tesla បានប្រកាសកាលពីថ្ងៃទី០៦ ខែមីនានេះថា សង្វាក់ផលិតកម្មនៅប្រទេសអាល្លឺម៉ង់ នឹងត្រូវផ្អាករហូតដល់ថ្ងៃទី១៧ ខែមីនា ដោយសារគ្មានអគ្គិសនីប្រើប្រាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា មូលហេតុដែលធ្វើឲ្យ​ចរន្តអគ្គិសនីត្រូវបានកាត់ផ្ដាច់ គឺដោយសារថ្មីៗនេះមានករណីដុតបំផ្លាញអគារនៅក្បែររោងចក្រ Tesla នៃប្រទេសអាល្លឺម៉ង់ ហើយក្រុមប៉ូលិសកំពុងបើកការស៊ើបអង្កេត ដោយសង្ស័យថា វាជាការបង្កឡើងដោយចេតនា។

ជុំវិញការផ្អាកសង្វាក់ផលិតកម្មនេះផងដែរ ក្រុមហ៊ុនមហាសេដ្ឋី Elon Musk បានព្យាករណ៍ថា ពួកគេនឹងទទួលការខាតបង់រាប់រយលានដុល្លារ បន្ទាប់ពីរថយន្តប្រហែល ១ពាន់គ្រឿង ត្រូវជាប់គាំង មិនទាន់ដំឡើងរួចរាល់។

សូមជម្រាបដែរថា បន្ទាប់ពីដំណឹងមួយនេះត្រូវបានផ្សាយជាសាធារណៈ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla មានការដាំក្បាលចុះគួរឲ្យបារម្ភ ពោលគឺថយចុះដល់ទៅ ២,៦% មកនៅត្រឹម ១៧៦,៥៤ដុល្លារប៉ុណ្ណោះក្នុងមួយហ៊ុន៕