នាថ្ងៃទី០៦ ខែមីនា គេហទំព័រ Reuters បានរាយការណ៍ថា ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD បានចាប់ផ្ដើមដំណើការសាងសង់រោងចក្រផលិតរថយន្តនៅប្រទេសប្រេស៊ីល ដែលមានតម្លៃប្រមាណ ៦២០លានដុល្លារ។
ផែនការគម្រោងសាងសង់មួយនេះ គឺត្រូវបានគេព្យាករណ៍ថា នឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ឬអាចដើមឆ្នាំ២០២៥ ជាមួយសមត្ថភាពផលិតរថយន្តបានរហូតដល់ទៅ ១៥០ ០០០គ្រឿងក្នុងមួយឆ្នាំ។
រំលឹកបន្តិចថា ផែនការខ្នាតយក្សរបស់ក្រុមហ៊ុនចិនមួយនេះ គឺបានប្រកាសដំបូងកាលពីខែកក្កដា ឆ្នាំ២០២៣ ដោយវានឹងត្រូវសាងសង់ នៅក្នុងឧទ្យានឧស្សាហកម្ម Camacari នៅរដ្ឋ Bahia ភាគឦសាន ខណៈកន្លែងនេះធ្លាប់ជារោងចក្ររថយន្ត Ford តែត្រូវបានបិទទ្វារកាលពីឆ្នាំ២០២១។
ជម្រាបបន្ថែមថា ទីតាំងរោងចក្រដ៏ធំរបស់ BYD នៅប្រទេសប្រេស៊ីល គឺមានកន្លែងផលិតរថយន្តដល់ទៅ ៣កន្លែង ហើយក្រុមហ៊ុនអះអាងថា ផែនការនេះនឹងបង្កើតឱកាសការងារដល់ទៅ ៥ ០០០កន្លែង ដល់ប្រជាជនក្នុងតំបន់៕