ឡាវ កត់ត្រាពីកំណើនពាណិជ្ជកម្មខ្ពស់បំផុតដល់ជាង ១៥ពាន់លានដុល្លារ កាលពីឆ្នាំទៅ

អន្តរជាតិ

ប្រទេសឡាវ កាលពីពេលថ្មីៗនេះ បានកត់ត្រាពីការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងពាណិជ្ជកម្មប្រចាំឆ្នាំរបស់ខ្លួន កាលពីឆ្នាំ២០២៣ កន្លងទៅ​ ដោយអាចឈានដល់ចំនួនជាង ១៥,៥ពាន់លានដុល្លារ ពោលគឺកើនឡើង ៣,៥% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញតួលេខនេះ បានបង្ហាញថាតម្លៃនៃការនាំចេញរបស់ប្រទេសឡាវ មានចំនួនសរុបប្រមាណ ៨ពាន់លានដុល្លារ ពោលគឺកើនឡើង ៣,៥% បើធៀបទៅនឹងឆ្នាំ២០២២ ស្របពេលការនាំចេញវិញ បានកើនឡើង ៥% ដល់ចំនួនជាង ៧ពាន់លានដុល្លារ។

គួរឲ្យដឹងផងដែរថា ចំពោះទំនិញនាំចេញសំខាន់ៗបំផុតរបស់ប្រទេសឡាវ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ មានដូចជា ថាមពលអគ្គិសនី មាសដុំ ក្រដាស ផលិតផលធ្វើពីក្រដាស រ៉ែមាស និងរ៉ែដែក។

ទន្ទឹមនឹងនេះ ប្រេងម៉ាស៊ូតបានក្លាយជាទំនិញនាំចូលលំដាប់កំពូលរបស់ប្រទេសឡាវ ដែលមានតម្លៃរហូតដល់ ៩៥២លានដុល្លារ បន្ទាប់មកគឺគ្រឿងចក្រ យានជំនិះ ដែក និងផលិតផលដែក និងប្រេងសាំង។

ជម្រាបជូនផងដែរថា ប្រទេស​ថៃ​បាន​ក្លាយ​ជា​ទិសដៅ​នាំ​ចេញ​ឈាន​មុខ​គេរបស់ឡាវ ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន ២,៨ពាន់​លាន​ដុល្លារ និងតាម​ពីក្រោយ​ដោយ​ប្រទេស​ចិន វៀតណាម អូស្ត្រាលី និង​កម្ពុជា។ ជាមួយគ្នានោះដែរ ប្រទេស​ថៃ​ក៏​បាន​ដណ្តើម​យក​តំណែង​កំពូល​ជា​ប្រភព​នាំ​ចូល​ចម្បង​របស់​ឡាវ​ផង​ដែរ​ ដោយ​មាន​ទំហំ​ទឹកប្រាក់​សរុប ៣,៣​ពាន់​លាន​ដុល្លារ ​តាម​ពីក្រោយ​ដោយ​ប្រទេស​ចិន វៀតណាម អាមេរិក និង​ជប៉ុន៕