សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សម្រាប់កម្ពុជា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមា សំដៅដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី។
ការថ្លែងរបស់សម្តេចធិបតីបែបនេះ តាមរយៈពិធីបើកវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិលើកទី ១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «បច្ចេកវិទ្យា» គឺជាអាទិភាពថ្មីមួយ ដែលបានកំណត់នៅក្នុងបញ្ចកោណទី ៥ គឺ «ការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល» ខណៈក្របខ័ណ្ឌគោលនយោបាយនេះ គឺជាផែនទីចង្អុលផ្លូវ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ។
សម្តេចធិបតីបន្តថា៖«សម្រាប់កម្ពុជា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យដែលពលរដ្ឋ អាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន»៕