វៀតណាម បានវ៉ាដាច់ប្រទេសឈីលី ក្នុងនាមជាប្រទេសនាំចេញបន្លែ ផ្លែឈើធំបំផុតទីពីរ ទៅកាន់ប្រទេសចិន នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ដោយសារតែការកើនឡើងខ្លាំងចំពោះការនាំចេញផ្លែទុរេន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
ការនាំចូលបន្លែ ផ្លែឈើសរុបរបស់ប្រទេសចិន បានកើនឡើងដល់ចំនួនទឹកប្រាក់ ២៤,៤ពាន់លានដុល្លារ កាលពីឆ្នាំមុន ស្របពេលដែលប្រទេសថៃ នៅតែរក្សាការនាំមុខរបស់ខ្លួន សម្រាប់ចំណាត់ថ្នាក់លេខ១ ដោយទទួលបានប្រាក់ចំណូលពីការនាំចេញបន្លែ ផ្លែឈើ ទៅកាន់ប្រទេសចិន ក្នុងចំនួន ៨,៦ពាន់លានដុល្លារ។
ដោយឡែកប្រទេសវៀតណាម ដែលទទួលបានប្រាក់ចំណូលសរុប ៣,៤ពាន់លានដុល្លារ បានមើលឃើញពីចំណែកទីផ្សារនាំចេញរបស់ខ្លួនទៅកាន់ប្រទេសចិន កើនឡើងដល់ ១៤% ក្នុងឆ្នាំ២០២៣ ដែលបានធ្វើឲ្យប្រទេសនេះ វ៉ាដាច់ឈីលី ដែលកាន់កាប់តំណែងលេខ២ អស់រយ:ពេលជាយូរមកហើយនោះ។
យ៉ាងណាមិញ លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមន៍ផ្លែឈើ និងបន្លែវៀតណាម បានមានប្រសាសន៍ថា ក្រៅពីការកើនឡើងគួរឲ្យកត់សម្គាល់នៃការនាំចេញផ្លែទុរេនរបស់ប្រទេសចិន ការកើនឡើងនៃការនាំចូលផ្លែឈើ និងបន្លែកែច្នៃពីប្រទេសវៀតណាម ក៏ជាកត្តាចម្បងផងដែរ។
ជម្រាបជូនផងដែរថា ក្នុងអំឡុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទៅកាន់ប្រទេសវៀតណាម ភាគីចិនបានប្រកាសពីផែនការបើកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកសិកម្មរបស់វៀតណាមបន្ថែមទៀត រួមមាន ដូងស្រស់ ផលិតផលផ្លែឈើបង្កក ផ្លែក្រូច ផ្លែបឺរ និងផ្លែប៉ោម ជាដើម៕
បញ្ជាក់បន្ថែមទៀតផងដែរថា ការនាំចេញផ្លែឈើ និងបន្លែសរុបរបស់វៀតណាម ក្នុងឆ្នាំ២០២៣ មានតម្លៃ ៥,៦ពាន់លានដុល្លារ ពោលគឺកើនឡើង ៨០% បើធៀបនឹងឆ្នាំ២០២២ ខណ:ប្រទេសចិនបានបន្តជាទីផ្សារធំបំផុត ដែលរួមចំណែកដល់ទៅ ៦០% នៃតួលេខនោះ៕