សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជាបាននិងកំពុងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដើម្បីបង្កើនទំហំសេដ្ឋកិច្ចត្រឹមឆ្នាំ ២០៣០។
ថ្លែងក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងក្របខ័ណ្ឌតំបន់ និងសកល រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល ដោយស្មារតីបុរេសកម្ម និងបើកចំហ សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលជាតិ និងគោលដៅអភិវឌ្ឍន៍ឌីជីថលតំបន់ និងសកល ដូចមានកំណត់ក្នុង ផែនការមេឌីជីថលអាស៊ាន ២០២៥ និង យុទ្ធសាស្រ្តឌីជីថល ២០២២-២០២៥ របស់អង្គការសហប្រជាជាតិ។
ទន្ទឹមគ្នានេះ សម្តេចធិបតី បានបញ្ជាក់ដូច្នេះថា៖«កម្ពុជា បាន និងកំពុងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំ កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលរំពឹងថានឹងជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី ១ ទ្រីលានដុល្លារ ដល់ ២ ទ្រីលានដុល្លារ ត្រឹមឆ្នាំ ២០៣០»។
គួរបញ្ជាក់ដែរថា ដើម្បីជំរុញវិស័យបច្ចេកវិទ្យាឌីថល នៅក្នុងពិធីនោះដែរ ក៏មានការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខារួច ចំនួន៤ រួមមាន៖ ១. អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យា និងទូរគមនាគមន៍នៃសាធារណរដ្ឋប្រជាមានិតឡាវ ២. អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ៣. អនុស្សរណៈនៃការយោគយល់ស្តីពីមជ្ឈមណ្ឌលសហប្រតិបតិការរដ្ឋាភិបាលឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណរដ្ឋកូរ៉ ៤. អនុស្សរណៈនៃការយោគយល់ស្តីពីមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA) ៕ អត្ថបទ៖ រង្សី