ឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម-មណ្ឌលគិរី បានធ្វើឱ្យមហាជនជ្រួតជ្រៀប ក្រោយដឹងថាលោកឧកញ៉ា បានប្រគេនអណ្ដូង ចំនួន៤ ដល់ព្រះអង្គ វន វាសីច័ន្ទមុនី ដើម្បីទុកឱ្យប្រជាជនប្រើប្រាស់តាមតម្រូវការ។
កាលពីថ្ងៃទី១០ ខែមីនា ម្សិលមិញនេះ លោកឧកញ៉ា ហួត ឈឿន បានបញ្ជាក់ឱ្យដឹងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា លោកបានមកជួបព្រះអង្គ វន វាសីច័ន្ទមុនី គឺដើម្បីប្រគេនអណ្តូងទឹកស្អាតទី៤ ដែលជាប្រព័ន្ធចែកចាយទឹកស្អាតជូនដល់ប្រជាពលរដ្ឋប្រើប្រាស់។
លោកឧកញ៉ា បានបញ្ជាក់ថា អណ្តូងដំបូងនិងអណ្តូងទី២ បានវេរប្រគេនវត្តរួចរាល់ហើយ ចំណែកអណ្តូងទី៣ ទោះសាងសង់រួចរាល់ក្ដី តែមិនទាន់បានវេរប្រគេនព្រះអង្គនៅឡើយ ចាំវេរប្រគេនរួមគ្នាជាមួយនឹងអណ្តូងលើកទី៤តែម្តង។
ក្នុងឱកាសនោះដែរ ឧកញ៉ា ហួត ឈឿន ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ លោកឧកញ៉ា លោកលោកស្រី និងពុទ្ធបរិស័ទទាំងអស់ ដែលបានចូលរួមបច្ច័យ សម្រាប់កសាងអណ្ដូងនោះគ្រប់ៗគ្នា៕