នៅព្រឹកថ្ងៃអង្គារនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចុះត្រួតពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បើតាមរបាយការណ៍ដែលសារព័ត៌មាន Oknha News គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១ភាគរយ និងបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់ចំនួន ៩៦១លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០លាន ដុល្លារ អាមេរិក។
របាយការណ៍ដដែលបានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងព្រលានដែលក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ សម្រេចបានរួមមាន៖ អគារស្ថានីយអ្នកដំណើរ សម្រេចបាន ៥៦.៨ភាគរយ គ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤, ហេដ្ឋារចនាសម្ព័ន្ធហោះហើរ សម្រេចបាន ៦៤.៤ភាគរយ គ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៤, អគារបញ្ហាចរាចរណ៍ដែនអាកាស សម្រេចបាន ១០០ភាគរយ បញ្ចប់រួចរាល់នៅខែមករា ឆ្នាំ២០២៤, មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល សម្រេចបាន ៧៦.៨ភាគរយ គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤, ការភ្ជាប់បណ្ដាញទឹក-ភ្លើង ពីប្រភពដើមចូលមកអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៨៥% គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤, សំណង់-អគារ ទ្រទ្រង់ប្រតិបត្តិការអាកាស និងប្រតិបត្តិការផ្ទៃដីសម្រេចបាន ៦០ភាគរយ គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។
សូមជម្រាបថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយគ្រោងនឹងបើកឱ្យដំណើរការនៅ ឆមាសទីមួយឆ្នាំ២០២៥ខាងមុខនេះ។
អាកាសយានដ្ឋានអន្តរជាតិតេជោជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចស្រូបយក និង ទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត ហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕