លោក ចូ បៃដិន បញ្ចេញកញ្ចប់ថវិកាជាង ៧ទ្រីលានដុល្លារ សម្រាប់យុទ្ធនាការស្វែងរកសន្លឹកឆ្នោត

អន្តរជាតិ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ថ្មីៗនេះ បានធ្វើការបង្ហាញពីទស្សនវិស័យគោលនយោបាយ សម្រាប់ការបោះឆ្នោតអាណត្តិទី២ របស់ខ្លួន ជាមួយនឹងការដាក់ចេញកញ្ចប់ថវិកាចំនួន ៧,៣ទ្រីលានដុល្លារ ក្នុងគោលបំណងបញ្ចុះបញ្ចូលប្រជាជនអាមេរិកថា លោកអាចគ្រប់គ្រងសេដ្ឋកិច្ចបានល្អប្រសើរជាង ដៃគូប្រជែងលោក ដូណាល់ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ លោក បៃដិន ក៏បានដាកចេញវិធានការថ្មីៗផ្សេងទៀតផងដែរ ដូចជាចង់ដំឡើងពន្ធរាប់សិបលានទៅអាជីវកម្ម និងអ្នកដែលអាចរកបានប្រាក់ចំណូលខ្ពស់ ដើម្បីជួយកាត់បន្ថយឱនភាព និងការចំណាយសម្រាប់កម្មវិធីថ្មីៗ រួមទាំងជួយដល់អ្នកដែលអាចរកបានប្រាក់ចំណូលតិច ដើម្បីទប់ទល់ទៅនឹងតម្លៃផ្ទះខ្ពស់ និងការថែទាំលើកុមារ ថែមទៀតផង។

កញ្ចប់ថវិការបស់លោក បៃដិន សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ដែលរំពឹងចាប់ផ្តើមនៅខែតុលាខាងមុខនេះ រួមមានការដំឡើងអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្មដល់ ២៨% ដែលនឹងបង្ខំឲ្យអ្នកដែលមានទ្រព្យសម្បត្តិ ១០០លានដុល្លារ ត្រូវបង់ពន្ធយ៉ាងតិច ២៥% នៃប្រាក់ចំណូលសរុបរបស់ពួកគេ ។

ជាមួយគ្នានេះ រដ្ឋាភិបាល ក៏នឹងដកចេញនូវឥណទានពន្ធលើកុមារសម្រាប់អ្នកដែលមានចំណូលទាប និងមធ្យម ក៏ដូចជាផ្តល់មូលនិធិដល់កម្មវិធីថែទាំកុមារ រួមទាំងផ្តល់កញ្ចប់ថវិកា ២៥៨ពាន់លានដុល្លារ សម្រាប់ការសាងសង់ផ្ទះ និងចំណាយប្រាក់រាប់ពាន់លានដុល្លារផ្សេងទៀត លើការអនុវត្តច្បាប់ ផងដែរ។

គួរឲ្យដឹងផងដែរថា កញ្ចប់ថវិកាដែលត្រូវបានចេញផ្សាយដោយលោក បៃដិន នេះ ត្រូវបានធ្វើឡើង នៅត្រឹមរយ:ពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការថ្លែងសុន្ទរកថាស្វែងរកសន្លឹកឆ្នោតរបស់មេដឹកនាំគណបក្សប្រជាធិតេយ្យ ដែលបានធ្វើការវាយលុកទៅលើគោលនយោបាយរបស់លោក ត្រាំ ដែលត្រូវបានចាត់ទុកថាជាគូប្រជែងដ៏ធំបំផុតមួយ សម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ៕