រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការមួយ ទៅកាន់ទីក្រុងម៉ានីល កាលពីថ្ងៃចន្ទ ទី១១ ខែមីនាថា ក្រុមហ៊ុនអាមេរិកធំៗជាច្រើន គ្រោងនឹងប្រកាសពីផែនការវិនិយោគដែលមានចំនួនទឹកប្រាក់ ១ពាន់លានដុល្លារ ក្នុងប្រទេសហ្វីលីពីន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
លោកស្រី Gina បានបញ្ជាក់បន្ថែមទៀតថា ការវិនិយោគទាំងនេះ អាចត្រូវធ្វើឡើងនៅក្នុងវិស័យធំៗដូចជា ថាមពលពន្លឺព្រះអាទិត្យ យានយន្តអគ្គិសនី និងប្រព័ន្ធឌីជីថល ជាដើម ។
គួរឲ្យដឹងថា លោកស្រី Gina កំពុងស្ថិតនៅទីក្រុងម៉ានីល សម្រាប់បេសកកម្មដំណើរទស្សនកិច្ចផ្តោតទៅលើពាណិជ្ជកម្ម និងការវិនិយោគរយ:ពេលពីរថ្ងៃ ក្នុងនាមជាអ្នកតំណាងរបស់ប្រធានាធីបតី លោក ចូ បៃដិន។ ហើយក្នុងដំណើរនោះ ក៏មានការចូលរួមពីសំណាក់គណ:ប្រតិភូផ្សេងទៀត ដែលជាថ្នាក់ដឹកនាំមកពីក្រុមហ៊ុនធំៗដូចជា GreenFire Energy, Google Asia Pacific, Visa, United Airlines និង KKR ផងដែរ។
ជម្រាបជូនផងដែរថា ហ្វីលីពីន និងអាមេរិក ត្រូវបានចាត់ទុកថាជាសម្ព័ន្ធមិត្តដ៏យូរអង្វែងមួយ ដោយចងភ្ជាប់ជាមួយនឹងសន្ធិសញ្ញាការពារទៅវិញទៅមក ដែលមានអាយុកាល ៧៣ឆ្នាំមកហើយ ស្របពេលប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានព្យាយាមធ្វើឲ្យទំនាក់ទំនងនេះ កាន់តែមានភាពស៊ីជម្រៅលើសពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយនឹងការរួមបញ្ចូលជាដៃគូសេដ្ឋកិច្ច បន្ថែមទៀត៕