ក្រុមហ៊ុនអ្នកឧកញ៉ា គួច ម៉េងលី ចុះ MOU ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្តល់ថវិកា ២ម៉ឺនដុល្លារក្នុងមួយឆ្នាំលើកម្មវិធីពីរ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ម៉េង លី ជេ.គួច អេឌ្យូខេសិន ម.ក បានចុះហត្ថលេខាជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) លើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីសម្រួល និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ការស្រាវជ្រាវ និងការបោះពុម្ពផ្សាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះ MOUនេះធ្វើឡើងរវាងអ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េង លី ជេ.គួច អេឌ្យូខេសិន និងឯកឧត្ដមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

ការចុះ MOU លើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីររួមមាន៖
១, ក្រុមហ៊ុន ម៉េង លី ជេ.គួច អេឌ្យូខេសិនផ្តល់ថវិកាប្រមាណ១ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់រយៈពេល៣ឆ្នាំ លើមូលនិធិទស្សនវិជ្ជាខ្មែរ។
២, ផ្តល់ថវិកាប្រមាណ១ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំដូចគ្នា ដល់មហាវិទ្យាល័យវិស្វកម្ម។
និង៣, ក្រុមហ៊ុនមានឱកាសរៀបចំព្រឹត្តិការណ៍ ផ្សព្វផ្សាយជ្រើសរើសបុគ្គលិក និងផ្តល់កិច្ចពិភាក្សាការងារដល់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ថ្លែងក្នុងពិធីខាងលើ អ្នកឧកញ៉ា គួច ម៉េងលី បានលើកឡើងថាមូលហេតុដែលចុះ MOUនាពេលនេះ ព្រោះសាលារៀន និងវិទ្យាស្ថានរបស់អ្នកឧកញ៉ា តែងតែស្វែងរកអង្គការ សហគមន៍ណាដែលបានជួយលើកស្ទួយក្នុងអក្សរសាស្រ្ត អក្សរសិល្ប៍ឬមុខវិជ្ជាដែលអាចជួយដល់និស្សិតខ្មែរដើម្បីពង្រឹងនូវការសិក្សា ហើយដោយឃើញថានៅ RUPP មានកម្មវិធីពីរ ទី១,ការពង្រឹងទៅលើសំស្រ្កឹត ទី២,ពង្រឹងលើការរៀនសូត្រផ្នែកវិស្វកម្ម។

អ្នកឧកញ៉ាបន្តថា គោលដៅរបស់ក្រុមហ៊ុនគឺចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីពង្រឹងវិស័យអប់រំតាមខ្សែរយៈគម្រោងផ្សេងៗ ដើម្បីលើកស្ទួយវិស័យអប់រំ ហើយដើម្បីឱ្យក្មេងៗមានឱកាសស្វែងយល់ផងដែរ។

អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា «ពិធីចុះMOUនេះមួយឆ្នាំខ្ញុំនឹងផ្តល់២ម៉ឺនដុល្លារជូនទៅ RUPPខាងវិស័យសំស្រ្កឹតលើការលើកស្ទួយស្រាវជ្រាវពង្រឹងថែមទៀត ក្នុងរយៈពេល៣ឆ្នាំ។ការផ្តល់ថវិកានេះជាការផ្តល់ថវិកាដោយសប្បាយចិត្ត ព្រោះនឹងបង្កើនធនធានមនុស្ស ចំណេះដឹងច្រើនទៅដល់យុវសិស្ស បញ្ញាវនថ្ងៃក្រោយ។ការផ្តល់ថវិកាជាការចម្រើនឱ្យកើនចំណេះដឹងដល់បញ្ញវនខ្មែរយើងគឺជាចំណុចមួយស្មើនឹងការធ្វើបុណ្យធ្វើទានមួយធំ។ហើយសង្ឈឹមមានការកើនជាង២ម៉ឺនដុល្លារទៀតនៅក្នុងមួយឆ្នាំ»៕