នៅទីបំផុតពេលវេលាដែលអ្នកចិញ្ចឹមសត្វក្នុងស្រុកទន្ទឹងរងចំាបានចូលមកដល់ហើយ ថ្ងៃទី១២ខែមីនាឆ្នំា២០២៤នេះជាថ្ងៃដែលកំណត់យកនៃការផ្អាកជាបណ្តុះអាសន្នលើការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកមកកាន់កម្ពុជារយៈពេល៦ខែ។
វិធានការនៃការផ្អាកជាបណ្តុះអាសន្នលើការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកដែលមានរយៈ៦ខែនេះកន្លងមកមិនថាអ្នកចិញ្ចឹមសត្វខ្នាតតូចឬធំនោះទេ សូម្បីតែសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាក៏ធ្លាប់បានបង្ហាញក្តីសង្ឃឹមហើយក៏ចង់ឃើញជារឿយៗផងដែរថា បន្ទាប់ពីបិទរយៈពេល៦ខែ តម្រូវការជ្រូករស់នៅលើទីផ្សាររួមនិងតម្លៃ នឹងមានការប្រែប្រួល។ តែទោះជាយ៉ាងនេះក្តីនៅមិនទាន់មានអ្នកជំនាញក្នុងវិស័យចិញ្ចឹមសត្វណាមួយហ៊ានសន្និដ្ឋានថាការផ្អាកជាបណ្តុះអាសន្នលើការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកនេះវាជះឥទ្ធិពលកម្រឹតណានោះទេ ព្រោះការនាំចូលសាច់បង្កកនៅពេលកន្លងមកមានច្រើនទុកសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក។
លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ធ្លាប់បានឱ្យដឹងថា កន្លងមកការនាំចូលសាច់បង្កកខូចគុណនិងការនាំចូលដោយខុសច្បាប់ត្រូវបានមន្ត្រីជំនាញចាប់បានហើយយកទៅដុតកំម្ទេចចោលជាបន្តបន្ទាប់។រូបភាពនៃការដុតកំម្ទេសចោលនេះ សម្រាប់អ្នកចិញ្ចឹមសត្វក្នុងស្រុកមិនមានក្តីរំពឹងថាវានឹងល្អប្រសើរ ដោយសារការចាប់បាននេះទេ លើកលែងតែមានចំណាត់ការណាមួយច្បាស់លាស់ ថានឹងអាចគ្រប់គ្រងច្រកព្រំដែនមានភាពប្រសើរឬអត់នៅពេលខាងមុខ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្តុះអាសន្នសម្រាប់រយៈពេល៦ខែគិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤រហូតដល់ថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៤ នូវការនាំចូលមុខទំនិញគ្រឿងក្នុងនិងបំណែកសាច់បង្កកដូចជា៖(១) អណ្តានៃសត្វគោក្របី បង្កក,(២)ថ្លើមនៃសត្វគោក្របី បង្កក, (៣) គ្រឿងក្នុងបង្កកផ្សេងៗនៃសត្វគោក្របីដែលអាចបរិភោគបានក្រៅពីអណ្តាតនិងថ្លើម, (៤) ថ្លើមនៃសត្វជ្រូក បង្កក, (៥) ភាគបំណែកសាច់និងគ្រឿងក្នុងផ្សេងទៀតក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន បង្កក, (៦) ថ្លើមនៃសត្វមាន់ បង្កក, (៧) សាច់និងគ្រឿងក្នុង បង្កកផ្សេងទៀតនៃសត្វមាន់ដែលអាចបរិភោគបាន ក្រៅពីស្លាបទំាងមូល ភ្លៅ ថ្លើម និងសាច់ដែលត្រូវបានយកឆ្អឹងចេញ និង(៨) ពោះវៀន ប្លោកនិងក្រពះ ទំាងមូលឬជាផ្នែកនៃសត្វ លើកលែងត្រី ស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រំាទឹកអំបិល សម្ងួតឬឆ្អើរួច។
ការផ្អាកជាបណ្តុះអាសន្ននូវការនាំចូលខាងលើ ត្រូវបានលើកលែងចំពោះការនាំចូលរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញ៕ តាកែវ