អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ដឹកនាំរៀបចំប្លង់ប្រាង្គចេតិយរបស់ឪពុកដោយផ្ទាល់ដៃ ប្រើរយៈពេលកសាងជាង១ឆ្នាំ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ​សហស្ថាបនិក និង​ជា​អគ្គនាយក​​​ក្រុមហ៊ុន​ អាយអិនជី ហូលឌីង គ្រុប (ING Group) ​​បាន​​ដឹកនាំ​ពិនិត្យ​កែសម្រួល​ប្លង់​ប្រាង្គ​ចេតិយ​របស់​របស់មហាសប្បុរសមង្គលសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែល​ជា​ឪពុក​របស់​ខ្លួន ​​ដោយ​ផ្ទាល់ដៃ ខណៈ​ដែលប្រាង្គចេតិយ​នេះ​ ត្រូវបានរចនា​បថ​ប្លង់​ដោយអ្នកជំនាញខ្មែរ និង​ប្រើពេលវេលាកសាងប្រកបដោយភាពផ្ចិតផ្ចង់​យ៉ាង​យកចិត្តទុកដាក់អស់រយៈពេលជាង១ឆ្នាំ។ នេះ​បើ​តាម​​ ING Foundation ​​​បង្ហាញ​ឱ្យ​ដឹង​ នៅ​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​​​​​​ប្រភព​ខាង​លើ​ បាន​បញ្ជាក់​ថា ប្រាង្គចេតិយ​​ដ៏​ប្រណិត​នេះ​ ត្រូវ​បានសាងសង់ឡើងដោយប្រើប្រាស់​នូវការ៉ូម៉ាបមានប្រភព​មក​ប្រទេសអុីតាលី ផ្ទៃខាងក្នុងចេតិយមានរូបគំនូរពុទ្ធប្រវត្តិ ចំណែកឯតួប្រាង្គចេតិយ បិទដោយសន្លឹកមាស និងប្រាក់ ភ្លឺចែងចាំង ប្រកបដោយសោភ័ណភាពដ៏លេចធ្លោ។ ព័ទ្ធជុំវិញខាងក្រោមជើងប្រាង្គចេតិយ មានក្រាលកំរ៉ាលថ្មក្រានីត និង​ចុងខឿនក្រានីតមានដាក់ចង្អូរទឹកក្រាលទម្រដែកក្រាស់មិនច្រេះ (Stainless Steel) និងដាក់ត្បូងលម្អ នាំចូលពីប្រទេស​អាហ្រ្វិក អមដោយមាសស្រួយ មានបង្កប់ភ្លើងបំភ្លឺ LED និងគ្របដោយគម្របកញ្ចក់កម្រាស់ ២០ ម.ម ដ៏រឹងមាំដើម្បី​ការពារ។

ការរៀបចំដ៏ល្អិតល្អន់ ល្អឥតខ្ចោះ ប្រកបដោយភាពអស្ចារ្យយ៉ាងប្រណិតបំផុតនៃប្រាង្គចេតិយនេះ បានស​បញ្ជាក់នូវទឹកចិត្ត​ស្រលាញ់ដ៏ជ្រាលជ្រៅ និងធំធេងរបស់ក្រុមគ្រួសារចំពោះ មហាសប្បុរសមង្គលសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលលោកបានបន្សល់ទុកនូវស្លាកស្នាមអនុស្សាវរីយ៍ដ៏គួរឱ្យ​ចងចាំ និងយកគំរូតាម សម្រាប់មនុស្សជំនាន់​ក្រោយ ពិសេសក្នុងចំណោមសាច់សារលោហិត តរៀងទៅ។

នៅរសៀល​ថ្ងៃទី១២ ខែមីនា​នេះ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ចាយ គង់ បុត្រាបុត្រី ចៅ និងចៅទួត ក៏​បានរៀបចំ​ពិធីរាប់បាត្រព្រះសង្ឃ ៩៧អង្គ នៃពិធីបុណ្យឆ្លងប្រាង្គចេតិយ ដើម្បី​ឧទ្ទិសដល់ មហាកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ មហាសប្បុរសមង្គលសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ផងដែរ។

គួររំឭក​ថា អគ្គមហាឧបាសក លឹម ឈុន បានទទួលមរណភាព នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ នៅវេលា​ម៉ោង​៣៖០៦នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩៧ វស្សា។ លោក លឹម ឈុន​ និងភរិយា លោកស្រី ចាយ គង់ មានកូនចំនួន ៧នាក់ (ស្រី ១នាក់) រួមមាន លោក អ៊ឹង ប៊ុនហូរ (មរណភាពសម័យ ប៉ុល ពត), លោកស្រី អ៊ឹង ម៉េងហួរ, អ្នកឧកញ៉ា លឹម រស់, ឧកញ៉ា លឹម ប៊ុនសួរ, អ្នកឧកញ៉ា អ៊ឹង ប៊ុនហូវ, ឧកញ៉ា លឹម ប៊ុនហាក់ និង​ ឧកញ៉ា លឹម ប៊ុនហៀក៕