ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃពុធ ទី១៣ ខែមីនានេះបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី«ការផ្តល់អត្ថប្រយោជន៍ពិសេសជូនវិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុ» មានវិនិយោគិនខ្មែរ-ចិន ព្រមទាំងសមាសភាពថ្នាក់ដឹកនាំមកពីក្រសួងស្ថាប័នពាក់ព័ន្ធប្រមាណ១៨០នាក់។
កិច្ចប្រជុំនេះដឹកនាំដោយលោក ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ព្រមទាំងមានការធ្វើបទបង្ហាញស្តីពី«ការផ្តល់អត្ថប្រយោជន៍ពិសេសជូនវិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុ» លោក អុីម សុខធី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។
មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា កិច្ចប្រជុំផ្សព្វផ្សាយនេះមានគោលបំណងពន្យល់ច្បាស់ និងត្រឹមត្រូវអំពី«ការផ្តល់អត្ថប្រយោជន៍ពិសេសជូនវិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុ, ពន្យល់នឹងលើកទឹកចិត្តដល់វិនិយោគិននិងធុរជនដាក់ពាក្យស្នើដើម្បីទទួលបានអត្ថប្រយោជន៍ពិសេស, ការប្រឹក្សាយោបល់ និងការរៀបចំការស្នើការលើកទឹកចិត្តពិសេស។
សូមជម្រាបជូនថា ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃអង្គារម្សិលមិញ បានបើកកិច្ចប្រជុំពិភាក្សាលើការស្នើការលើកទឹកចិត្តរបស់វិស័យឯកជន ក្រោមវិសាលភាព «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» របស់រាជរដ្ឋាភិបាល ដែលជាគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្រ្តីអាណត្តិទី៧។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រុមការងារបានពិភាក្សាលើរបៀបវារៈចំនួន ៥ ដែលជាគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ក្នុងនោះវិស័យឯកជនបានស្នើការសម្របសម្រួល ឬការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការលើកទឹក-ចិត្តពិសេស និង ការសម្រួលនីតិវិធី។ គម្រោងទាំង៥នេះ រួមមាន៖ ១. គម្រាងអគារការិយាល័យ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ, ២. គម្រាងអគារស្នាក់នៅរួម (ខុនដូ) ស្ថិតនៅភូមិ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ, ៣. គម្រាងអគារស្នាក់នៅរួម ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ, ៤. គម្រាងអគារស្នាក់នៅរួម ស្ថិតនៅភូមិ៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ និង ៥. គម្រាងអគារសណ្ឋាគារ ស្ថិតនៅ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
បើតាមសេចក្តីប្រកាសព័ត៌មាន ក្រុមការងារបានឯកភាពជាគោលការណ៍ផ្តល់នូវការលើកទឹកចិត្ត, ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទ ជូនវិស័យឯកជន ដើម្បីបញ្ចប់ការសាងសង់, អនុវត្តគម្រោង និង/ឬ ចាប់ផ្តើមដំណើរការធុរកិច្ចក្នុងឆ្នាំ ២០២៤។ ជាមួយគ្នានេះ ក្រុមការងារនឹងបន្តផ្តល់ការសម្របសម្រួល និង ជំរុញការអនុវត្តគម្រោងទាំង ៥ ដើម្បីអាចដំណើរការសកម្មភាពវិនិយោគ និង ធុរកិច្ច ដោយរលូន៕