អ្នកឧកញ៉ា លឹម ហេង៖ ការបញ្ចប់គោរមងារឧកញ៉ា មិនពិបាកទេ ទោះត្រូវឆ្លងកាត់៩ស្ថាប័នពាក់ព័ន្ធ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់​ឃើញ​ថា ការ​បញ្ចប់​គោរមងារ​​ឧកញ៉ា ដោយ​យោង​តាម​ស្មារតី​ព្រះរាជក្រឹត្យស្តីពីគោរមងារ​ឧកញ៉ា​ថ្មី ដែល​ត្រូវ​​ឆ្លងកាត់​ដល់​៩​ស្ថាប័ន​ពាក់ព័ន្ធ​ គឺមិនមាន​ការ​​ពិបាក​នោះ​ទេ ប៉ុន្តែ​ចំពោះ​​ការ​ស្នើសុំ​គោរមងារ​ថ្មី ​ទើប​អាច​នឹង​លំបាក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា បានថ្លែង​ប្រាប់​ ឧកញ៉ា ញូស៍ នៅ​​ព្រលប់​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤​ ថា​គណៈកម្មការអន្តរក្រសួង​ពិនិត្យ​និង​វាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ដែលសរសេរអក្សរ​កាត់​ថា «គ.ព.វ.គ.» មាន​រហូត​ដល់​ ៩​ស្ថាប័ន​ពាក់ព័ន្ធ​នេះ គឺពិនិត្យ​និង​វាយតម្លៃ​ទៅ​លើ​សំណើសុំ​គោរមងារ​ឧកញ៉ា និង​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា។ អ្នកឧកញ៉ា បន្ត​ថា ការផ្តល់​គោរមងារ​ឧកញ៉ា​កន្លង​មក មិនទាន់​មាន​ភាព​ច្បាស់​លាស់ ដូច្នេះ​យើង​មាន​ គ.ព.វ.គ. នេះ ដើម្បី​វាយតម្លៃ​ឱ្យ​បាន​ច្បាស់​លាស់ ដល់​អ្នក​ដែល​អាច​ផ្តល់​គោរមងារ​បាន ប្រកបដោយ​​ប្រសិទ្ធភាព និង​គុណធម៌ ឬ​អ្នក​ដែល​មាន​ស្នាដៃ​ក្នុង​សង្គម​ ទាំង​នយោបាយ និង​សេដ្ឋកិច្ច​ជាតិ​របស់​យើង រួម​ទាំង​បច្ចេកវិទ្យា​ទៀត។

«ដូច្នេះ​សម្រាប់​ការ​បញ្ចប់​គោរមងារ ដូចជាមិនមាន​អ្វី​ពិបាក​នោះ​ទេ ព្រោះ​ការ​ដាក់​ឆ្លង​គណៈកម្មការ​អន្តរក្រសួង​ទាំង ៩​ស្ថាប័ន គឺ​​ងាយ​ស្រួល​ទេ ព្រោះ​យើង​ដឹង​ថា​កំហុស​ដែល​បុគ្គល​ធ្វើ​ខុស ត្រូវ​តែ​មាន​សក្ខីកម្ម​​ណា​មួយ។ ឧទាហរណ៍​ដូចជា មាន​សាលក្រម​ពី​តុលាការ ឬ​ជាប់​ឈ្មោះ​ជា​ពិរុទ្ធជន។ ដូច្នេះ​ការ​បញ្ចប់​គោរមងារ​មិនមានការ​លំបាក​ទេ ប៉ុន្តែ​​បើ​ការ​ស្នើ​សុំ​គោរមងារ​ថ្មី ប្រហែល​ជា​មាន​ការ​លំបាក​ ដើម្បី​ឆ្លងកាត់ ៩​ស្ថាប័ន​ពាក់ព័ន្ធ​នេះ»។ ​​អ្នកឧកញ៉ា លឹម ហេង បាន​បញ្ជាក់​បន្ថែម។

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ​ព្រះករុណា ព្រះបាទ​ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​ព្រះមហាក្សត្រ​ ទ្រង់​ឡាយព្រះហស្តលេខា​ចេញ​​ «ព្រះរាជក្រឹត្យ​ស្តីពីគោរមងារឧកញ៉ា» ថ្មី ​ខណៈ​ដែល​ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ចុះ​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ​​ត្រូវ​ទុកជា​និរាករណ៍។

ព្រះរាជក្រឹត្យ​ស្តីពី​ឧកញ៉ា​​ថ្មី​នេះ ​​នៅ​ត្រង់ជំពូក​ទី២ បានចែង​អំពី​ស្ថាប័ន​មានសមត្ថកិច្ច ក្នុងនោះ​ មាត្រា៤ បាន​​ចែង​ថា ត្រូវបាន​បង្កើតគណៈកម្មការអន្តរក្រសួងពិនិត្យ​និងវាយតម្លៃ​លើ​សំណើ​សុំ​គោរមងារ​និង​ការ​បញ្ចប់​​គោរមងារឧកញ៉ា មានសមត្ថកិច្ចពិនិត្យ វាយតម្លៃ និង​លើក​យោបល់​ជូន​នាយករដ្ឋមន្ត្រី​លើ​សំណើ​សុំ​ផ្តល់​និង​បញ្ចប់​គោរមងារ​ឧកញ៉ា។ គ.ព.វ.គ. មាន​សមាសភាពមកពីក្រសួងស្ថាប័នចំនួន ៩ ជាសមាជិក និងលេខាធិការ ដោយ​មាន​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ជា​ប្រធាន៕