នាយករដ្ឋមន្ត្រី លោក Li Qiang នឹងមិនចូលរួមកិច្ចប្រជុំជាមួយធុរកិច្ចជនជាន់ខ្ពស់បរទេសនានា សម្រាប់វេទិកាអភិវឌ្ឍន៍ប្រទេសចិន (CDF) ដែលគ្រោងធ្វើឡើងនាចុងខែមីនាខាងមុខឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ការសម្រេចចិត្តមួយនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីសប្ដាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីចិន ក៏បានលុបចោលនូវសន្និសីថសារព័ត៌មានមួយ ដែលតែងតែធ្វើឡើងនៅចុងកិច្ចប្រជុំសភាប្រចាំឆ្នាំ។
ក្រឡេកទៅមើលចំណុចសំខាន់នៃកិច្ចប្រជុំ CDF វិញ គឺជាការជួបជជែកទល់មុខគ្នា រវាងនាយករដ្ឋមន្ត្រីចិន និង CEO មកពីក្រុមហ៊ុនបរទេសធំៗ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ ក៏ដូចជាបង្កើនការវិនិយោគនៅក្នុងប្រទេស ក៏ប៉ុន្តែសម្រាប់ឆ្នាំនេះ មានការរំពឹងទុកតិចណាស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំ ដ្បិតនាយករដ្ឋមន្ត្រីចិនមិនចូលរួម ដូច្នេះធុរកិច្ចជនបរទេសជាន់ខ្ពស់ទាំងនោះ អាចនឹងខកចិត្ត លុបចោលនូវគម្រោងបណ្ដាក់ទុនជាច្រើន។
គួសជម្រាបដែរថា សេចក្ដីប្រកាសព័ត៌មានមួយនេះ ធ្វើឲ្យក្រុមអ្នកតាមដានសេដ្ឋកិច្ចចិនបង្ហាញក្ដីបារម្ភថា ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការអូសទាញវិនិយោគិនបរទេស គឺមិនមានគោលជំហរច្បាស់លាស់ ស្របពេលបច្ចុប្បន្នសេដ្ឋកិច្ចប្រទេសចិន នៅមិនទាន់អាចរីកលូតលាស់បានខ្ពស់ ដូចមុនកើតមានជំងឺរាតត្បាតកូវីដ ១៩ នៅឡើយ។
បន្ថែមពីនោះ ការវិនិយោគពីបរទេស មកកាន់ប្រទេសចិនក៏មានសភាពមិនល្អថែមទៀត ពោលកាលពីខែមករា ការបណ្ដាក់ទុនពីបរទេស មានការថយចុះជិត ១២% មកនៅត្រឹម ១៥,៧ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាមទិន្នន័យបញ្ចេញដោយក្រសួងពាណិជ្ជកម្មចិនកាលពីខែមុន៕