ខេត្តព្រះសីហនុ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ – គម្រោងអភិវឌ្ឍន៍ទីក្រុង Bay of Lights មានមោទកភាពប្រកាសអំពីការចាប់ផ្ដើមនូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយសន្និបាត Annual Investment Meeting ហៅកាត់ថា AIM Congress ដែលជាវេទិកាវិនិយោគដ៏ល្បីរបស់សហភាពអារ៉ាប់រួម។ កិច្ចសហការនេះជាការបោះជំហានដ៏ធំមួយក្នុងការពង្រឹងទំនាក់ទំនងរវាងទីផ្សារអាស៊ី ជាមួយទីផ្សារមជ្ឈឹមបូព៌ា ក៏ដូចជាជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។
កិច្ចសហការនេះលេចចេញជារូបរាងឡើង ក្រោយពីឆ្លងកាត់កិច្ចចរចារអស់រយៈពេលជិតមួយឆ្នាំ រួមជាមួយដំណើរទស្សនកិច្ចជាច្រើនលើកពីសំណាក់អគ្គនាយកសន្និបាត AIM Congress។ កិច្ចព្រមព្រៀងលើភាពជាដៃគូនេះត្រូវបានចុះហត្ថលេខាជាផ្លូវការ នៅក្នុងពិធីចុះហត្ថលេខាដែលរៀបចំឡើងនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មនៃគម្រោង Bay of Lights ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។
ក្រោមកិច្ចសហការនេះ នឹងមានការបង្កើតនូវសន្និបាត AIM Congress Asia នៅលើទឹកដីនៃគម្រោងអភិវឌ្ឍន៍ Bay of Lights ដើម្បីផ្ដល់ជាវេទិកាសម្រាប់វិនិយោគិន និងមន្ត្រីរដ្ឋាភិបាលនៃបណ្ដាប្រទេសលើសកលលោក ឲ្យបានជ្រួតជ្រាបកាន់តែច្បាស់ពីឱកាសវិនិយោគដ៏ទូលំទូលាយនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម Dawood Al Shezawi ប្រធាននៃ AIM Congress នៅក្នុងពិធីចុះហត្ថលេខា។
សូមបញ្ជាក់ថា សន្និបាត AIM Congress គឺជាវេទិកាវិនិយោគកំពូលនៅមជ្ឈឹមបូព៌ាដែលផ្ដោតសំខាន់លើ ការវិនិយោគផ្ទាល់ពីបរទេស ទីក្រុងអនាគត និងសហគ្រាសធុនតូច និងមធ្យម ដែលសំដៅលើកកម្ពស់សេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងអន្តរជាតិ ដោយកន្លងមកបានទទួលស្វាគមន៍គណៈប្រតិភូចូលរួមជាង ១ម៉ឺននាក់ មកពី ១៧៥ប្រទេស និងមានការដាក់តាំងបង្ហាញអាជីវកម្មពីក្រុមហ៊ុនជាង ៥០០ មកពីជុំវិញពិភពលោក។
លើសពីនេះ គម្រោងអភិវឌ្ឍន៍ Bay of Lights ជាមួយ AIM Congress ក៏គ្រោងនឹងបង្កើតមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ស្តង់ដារអន្តរជាតិដំបូងគេនៃខេត្តព្រះសីហនុ លើផ្ទៃដីទំហំ ១១ហិកតា ក្នុងគម្រោងអភិវឌ្ឍន៍ Bay of Lights ផ្ទាល់។ មជ្ឈមណ្ឌលនេះ នឹងជាបណ្ដុំនៃសន្និបាតលំដាប់ពិភពលោក ក៏ដូចជាព្រឹត្តិការណ៍ធំៗជាច្រើន ដែលនឹងអាចទាក់ទាញលំហូរវិនិយោគពីតំបន់មជ្ឈឹមបូព៌ា ចូលមកកាន់តំបន់អាស៊ី ដែលនឹងជំរុញឲ្យមានការរីកចម្រើនដែលមិនអាចប្រៀបផ្ទឹមបាន។
បន្ថែមពីនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ក៏នឹងត្រៀមបង្ហាញនូវសមិទ្ធផលមួយទៀតផងដែរក្នុងសន្និបាត AIM Congress ឆ្នាំ ២០២៤ ខាងមុខនេះនៅទីក្រុងអាប៊ូដាប៊ី ដោយគម្រោង Bay of Lights និង AIM Congress គ្រោងនឹងសម្រេចសម្រួលគ្នាលើកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមគ្នាថ្មីមួយទៀត ដែលកាន់តែសបញ្ជាក់ពីការប្ដេជ្ញាខ្ពស់របស់ភាគីទាំងពីរក្នុងការបង្កើតអនាគតដ៏រីកចម្រើន តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។
គម្រោង Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍ឈានមុខគេជាមួយចក្ខុវិស័យក្នុងការផ្លាស់ប្ដូរមុខមាត់ខេត្តព្រះសីហនុ។ ជាមួយទំហំវិនិយោគ ១៦ពាន់លានដុល្លារ គម្រោងទីក្រុងនេះលាតសន្ធឹងលើផ្ទៃដី ៩៣៤ហិកតា ជាមួយផែនការមេដែលបានរចនាឡើងយ៉ាងល្អិតល្អន់ដោយបែងចែកជា៩តំបន់ផ្សេងៗគ្នា ផ្អែកលើសរសរស្តម្ភនៃការអភិវឌ្ឍទាំង៦ រួមមាន សេវាកម្មហិរញ្ញវត្ថុ, ទេសចរណ៍, ការអប់រំ, ការកម្សាន្ត និងរស់នៅ, សុខភាព និងសុខុមាលភាព រួមទាំង សិល្បៈ និងវប្បធម៌ផងដែរ។ ឈរលើចក្ខុវិស័យក្នុងការបង្កើតគោលដៅទេសចរណ៍ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់ពិភពលោក ការរចនាប្រកបដោយយុទ្ធសាស្ត្ររបស់គម្រោង Bay of Lights នេះ នឹងនាំមកនូវការផ្សារភ្ជាប់ទំនាក់ទំនងពហុវិស័យ និងជំរុញសន្ទុះកំណើនសេដ្ឋកិច្ច៕