តំបន់អាស៊ាន កំពុងក្លាយជាគោលដៅអាទិភាពរបស់ក្រុមហ៊ុន Tesla ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន

អន្តរជាតិ

យោងតាមថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក Rohan Patel បាននិយាយកាលពីថ្ងៃទី១២ ខែមីនាកន្លងទៅថា ការពង្រីកអាជីវកម្ម ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ត្រូវបានចាត់ទុកថាជាគោលដៅអាទិភាពរបស់ក្រុមខ្លួន ដោយសារតែបានមើលឃើញពីទីផ្សារដែលកំពុងមានភាពរីកចម្រើនយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការបង្ហោះសារមួយកាលពីពេលថ្មីៗ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter លោក Rohan ដែលជានាយកប្រតិបត្តិគោលនយោបាយសាធារណៈ និងការអភិវឌ្ឍអាជីវកម្មជាន់ខ្ពស់ នៅក្រុមហ៊ុន Tesla បាននិយាយថា តំបន់អាស៊ីអាគ្នេយ៍ នឹងក្លាយជាកន្លែងដ៏សំខាន់នៃកំណើនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ សម្រាប់ការស្តុកទុកអាគុយ និងការប្រើប្រាស់រថយន្តអគ្គិសនី។

គួរឲ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសម៉ាឡេស៊ី កាលពីឆ្នាំមុន បានធ្វើការផ្តល់ជូនអាជ្ញាប័ណ្ណដល់ក្រុមហ៊ុន Tesla ដើម្បីលក់រថយន្តរបស់ខ្លួន នៅក្នុងប្រទេស ស្របពេលក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិកមួយនេះ ក៏នឹងបង្កើតបណ្តាញស្ថានីយ៍សាកអាគុយ នៅទីនោះផងដែរ។

ទន្ទឹមនឹងនេះ Tesla ក៏កំពុងស្ថិតក្នុងការពិភាក្សាសម្រាប់ការពង្រីកប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសផ្សេងទៀត រួមទាំងនៅក្នុងប្រទេសថៃផងដែរ ដែលនៅទីនោះត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលផលិត និងនាំចេញរថយន្តធំជាងគេបំផុត នៅតំបន់អាស៊ីអាគ្នេយ៍។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មហិច្ឆតារបស់ក្រុមហ៊ុន Tesla ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន នៅតំបន់អាស៊ីអាគ្នេយ៍ អាចនឹងត្រូវប្រឈមមុខជាមួយការប្រកួតប្រជែងដ៏ធំពីសំណាក់ក្រុមហ៊ុន BYD របស់ប្រទេសចិន ដែលកំពុងពង្រីកវិសាលភាពរបស់ពួកគេទាំងការលក់ និងការផលិតនៅក្នុងតំបន់នេះ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុនផលិតរថយន្ត EV របស់ចិន បានលក់រថយន្តរបស់ខ្លួនជាង ២៦% នៃរថយន្តសរុបទាំងអស់នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ គិតក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៣ ខណៈពេលដែល Tesla មានចំណែកប្រហែលតែ ៨% ប៉ុណ្ណោះនៅក្នុងទីផ្សារនេះ ។នេះបើយោងតាមទិន្នន័យទទួលបានពីក្រុមហ៊ុនវិភាគឧស្សាហកម្ម Counterpoint ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង៕