ថៃ រំពឹងកើបលុយជិត ៧០០លានដុល្លារ ពីវិស័យទេសចរក្នុងពិធីបុណ្យ​សង្រ្កាន្ត​ខាងមុខ

អន្តរជាតិ

យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានបង្ហាញឲ្យដឹងថា ពិធីបុណ្យសង្ក្រាន្ត ឬចូលឆ្នាំថ្មីនាពេលខាងមុខ ត្រូវបានគេរំពឹងទុកថានឹងផ្តល់ប្រាក់ចំណូលប្រមាណ ២៤,៤ពាន់លានបាត (៦៨៣លានដុល្លារ) ក្នុងអំឡុងពេលវិស្សមកាលរយៈពេល ៥ថ្ងៃ ដោយទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៥១០ ០០០ នាក់ និងការធ្វើដំណើរក្នុងស្រុកចំនួន ៤,២៩ លាននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អភិបាល TAT លោកស្រី Thapanee Kiatphaibool បាននិយាយបន្ថែមទៀតថា ប្រាក់ចំណូលពីថ្ងៃបុណ្យសង្ក្រាន្ត ដោយនឹងចាប់ផ្តើមពីថ្ងៃទី១២ ដល់ទី១៦ ខែមេសា ត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើង ៤៩% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

ក្នុងចំណោមប្រាក់ចំណូលនោះ មានប្រហែល ១៥,៦ ពាន់លានបាត ត្រូវបានរំពឹងទុកថានឹងទទួលបានពីការធ្វើដំណើរក្នុងស្រុក ខណៈទឹកប្រាក់ចំនួន ៨,៧៦ពាន់លានបាតផ្សេងទៀត នឹងទទួលបានពីការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេស ។

ទន្ទឹមនឹងនេះ លោកស្រី Thapanee បាននិយាយទៀតថា ខណៈពេលដែលអ្នកស្រុកភាគច្រើន នឹងទៅលេងស្រុកកំណើតនៅតាមបណ្តាខេត្តផ្សេង នោះវិស័យទេសចរណ៍នៅទីក្រុងបាងកក នឹងត្រូវបានជំរុញដោយជនបរទេសមកលេងជំនួសវិញ។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលថៃ កាលពីពេលថ្មីៗនេះ បានធ្វើការបែងចែកថវិកាចំនួន ១៣០លានបាត សម្រាប់ក្រសួងចំនួន ៣ ដើម្បីរួមគ្នាលើកកម្ពស់ដល់ការប្រារព្ធពិធីបុណ្យដ៏ធំបំផុតប្រចាំឆ្នាំមួយនេះ ដោយក្នុងនោះរួមមានក្រសួងទេសចរណ៍ និងកីឡា ក្រសួងមហាផ្ទៃ និងក្រសួងវប្បធម៌ ដែលនឹងត្រូវរៀបចំពិធីបុណ្យសង្ក្រាន្ត នៅគ្រប់ខេត្តទាំងអស់ទូទាំងប្រទេស៕