ថៃ រំពឹងថាការនាំចេញអង្ករទៅកាន់ទីក្រុងហុងកុង និងចិន កើនឡើងដល់កម្រិតខ្ពស់បំផុត

អន្តរជាតិ

ប្រទេសថៃ បានដាក់ក្តីរំពឹងទុកខ្ពស់ថាការនាំចេញអង្កររបស់ខ្លួន ទៅកាន់ទីក្រុងហុងកុង និងប្រទេសចិន នឹងមានការកើនឡើងខ្ពស់នៅឆ្នាំនេះ ដោយសារតែការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ពិភពលោក និងចំណង់ចំណូលចិត្តទៅលើអង្ករដែលមានគុណភាពខ្ពស់។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីមានជំនួបជាមួយ លោក Kenneth Chan ប្រធានសមាគមអ្នកជំនួញអង្ករហុងកុង និងជានាយកប្រតិបត្តិមកពីក្រុមហ៊ុន China Merchants Godown, Wharf & Transportation Co​ ក្នុងពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Phumtham Wechayachai បាននិយាយថា ប្រទេសថៃមានគោលនយោបាយពិសេសមួយឈ្មោះ R&D ដើម្បីអភិវឌ្ឍទៅលើគុណភាពអង្ករស្របតាមតម្រូវការរបស់គ្រប់ក្រុមអតិថិជន ក៏ដូចជាការរក្សាស្តង់ដារ ដើម្បីធ្វើឲ្យអង្ករថៃ អាចប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោកបាន។

គួរឲ្យដឹងផងដែរថា សម្រាប់ឆ្នាំ២០២៤ នេះ ទីក្រុងហុងកុង ត្រូវបានគេព្យាករទុកថា នឹងធ្វើការនាំចូលអង្ករពីប្រទេសថៃ ក្នុងចំនួនប្រហែល ១៨០ ០០០ តោន ពោលគឺកើនឡើងពីចំនួន ១៥០ ០០០​ តោន កាលពីឆ្នាំមុន ដែលភាគច្រើនជាប្រភេទអង្ករផ្កាម្លិះរបស់ថៃ។

កាលពីឆ្នាំមុន ហុងកុងបាននាំចូលអង្ករសរុបចំនួន ២៥៧ ២០០ តោន ដោយក្នុងនោះមាន ១៤៨ ០០០ តោន (៥៧,៧%) នាំចូលពីប្រទេសថៃ , ៦០ ១០០ តោន (២៣,៤%) ពីប្រទេសវៀតណាម និង ២១ ២០០ តោន ៨,២%) ពីប្រទេសចិន។

ទន្ទឹមនឹងនេះ សមាគម​ពាណិជ្ជករ​អង្ករ​ហុងកុង ​បាន​ធ្វើការបញ្ជាក់​ទៀតថា ខ្លួន​នឹង​បន្ត​នាំ​ចូល​អង្ករ​ពី​ប្រទេស​ថៃ ដោយសារ​តែ​ខ្លួន​មាន​ទំនុក​ចិត្ត​ខ្ពស់ទៅលើ​គុណភាព និង​ស្តង់ដារនៃ​អង្ករ​របស់ថៃ៕