នៅក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group ព្រមទាំងលោកស្រី អ្នកឧកញ៉ា ម៉ៅ ចំណាន បរិច្ចាគថវិកាចំនួន ៩៩៩,៩៩៩ដុល្លារ ជូនកាកបាទក្រហមកម្ពុជា។
ការចូលរួមបរិច្ចាគរបស់អ្នកឧកញ៉ា នាពេលនេះ គឺធ្វើឡើងបន្ទាប់ពីមានសេចក្ដីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា ស្ដីពីខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ជារៀងរាល់ឆ្នាំអ្នកឧកញ៉ា គិត ម៉េង និងលោកស្រី អ្នកឧកញ៉ា ម៉ៅ ចំណាន តែងតែចូលរួមបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជូនដល់កាកបាទក្រហមកម្ពុជា និងចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។
សូមជម្រាបជូនថា ការប្រារព្ធខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គឺដើម្បីរំលឹកដល់ខួប នៃការបង្កើតចលនាអន្ដរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាឱកាសបង្ហាញពីបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនសាធារណជនទាំងជាតិ និងអន្ដរជាតិ៕