ប្រមុខការទូតរបស់ប្រទេសចិន គឺរដ្ឋមន្ត្រីការបរទេសលោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលីនាថ្ងៃពុធ សប្តាហ៍ក្រោយ ខណៈដែលវាអាចចាត់ទុកបានថា ជាសញ្ញាណទំនាក់ទំនងដ៏ល្អប្រសើរមួយ បន្ទាប់ពីប្រទេសទាំងពីរបានជួបប្រទះនៃភាពតានតឹងជាច្រើនឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បាននិយាយនៅអំឡុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍នាថ្ងៃទី១៤ ខែមីនាថា៖ ខ្ញុំទន្ទឹងរង់ចាំជួបលោក Wang Yi នៅពេលដែលគាត់ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Canberra នៅសប្តាហ៍ក្រោយ។ វាជារឿងល្អណាស់ដែលលោក Wang Yi នឹងមកបំពេញទស្សនកិច្ច ហើយវាក៏ជារឿងល្អដែលយើងបានជួបសន្ទនានឹងគ្នា។ វឌ្ឍនភាពដ៏សំខាន់ ត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីលុបបំបាត់ឧបសគ្គពាណិជ្ជកម្មជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី។
ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong ត្រូវបានគេរំពឹងថានឹងលើកឡើងពីបញ្ហាកុងស៊ុល ឧបសគ្គពាណិជ្ជកម្ម សិទ្ធិមនុស្ស ការការពារជម្លោះ និងសន្តិសុខក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះលោកស្រី Wong ក៏បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា៖ វាជាទស្សនៈរបស់ប្រទេសអូស្ត្រាលី ដែលចង់ឲ្យទំនាក់ទំនងទ្វេភាគីមានស្ថិរភាព នឹងអាចឱ្យប្រទេសទាំងពីរស្វែងរកផលប្រយោជន៍ជាតិរៀងៗខ្លួន។
គួរជម្រាបថា ទំនាក់ទំនងការទូតរវាងអូស្ត្រាលី ជាមួយប្រទេសចិន បានជួបប្រទះភាពតានតឹងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៨ មក ពោលកាលពីពេលនោះ រដ្ឋាភិបាលអភិរក្សនិយមបានធ្វើការហាមឃាត់ក្រុមហ៊ុន Huawei ពីការផ្តល់ឧបករណ៍ក្នុងអំឡុងពេលដាក់ឲ្យដំណើរការបណ្តាញ 5G របស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ វាកាន់តែតានតឹងជាងនេះទៅទៀត បន្ទាប់ពីទីក្រុង Canberra អំពាវនាវឲ្យមានការស៊ើបអង្កេតទៅលើប្រភពដើម នៃការរីករាលដាលជំងឺកូវីឌ១៩ ។ ជាការឆ្លើយតបចិនបានដាក់ពន្ធជាទម្ងន់លើទំនិញអូស្ត្រាលីមួយចំនួន ហើយបានលុបចោលប្លុកពាណិជ្ជកម្មជាច្រើនផងដែរ៕