ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក យ៉ង សាំងកុមារ រដ្ឋលេខាធិការ និងក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោក វ៉ា រុតសាន រដ្ឋលេខាធិការ ដែលជាប្រធាន និងអនុប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់ផលិតផលកសិកម្ម បានសហការដឹកនាំកិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
ដោយកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សា និងពិនិត្យអំពីស្ថានភាពខ្សែច្រវាក់តម្លៃស្វាយចន្ទីនាពេលបច្ចុប្បន្ន និងស្វែងរកវិធានការដោះស្រាយលើបញ្ហានេះ។
ក្នុងកិច្ចប្រជុំខាងលើនេះ ក្រុមការងារចម្រុះបានពិភាក្សាដោយផ្តោតទៅលើការវិភាគកត្តាផ្សេងៗ ដែលជះឥទ្ធិពលលើតម្លៃស្វាយចន្ទី មានដូចជាកតា្តអាកាសធាតុ ធាតុចូលកសិកម្ម តម្រូវការនាំចេញ របាំងពន្ធគយ ផលិតកម្មនិងពាណិជ្ជកម្ម ស្វាយចន្ទីពិភពលោក សេដ្ឋកិច្ចពិភពលោក និងសមត្ថភាពនៃការកែច្នៃក្នុងស្រុកជាដើម។
សូមបញ្ជាក់ថា តាមការវិភាគនៅក្នុងឆ្នាំ២០២៤នេះ ស្វាយចន្ទីកម្ពុជាមានគុណភាព និងបរិមាណផលទាបជាងឆ្នាំ២០២៣ ដោយសារតែស្ថានភាពអែលនីណូ (El Nino) ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់តម្លៃគ្រាប់ស្វាយចន្ទីសើម។ ក្រុមការងារចម្រុះក៏បានពិភាក្សាអំពីគោលនយោបាយជាតិស្វាយចន្ទី និងការវិភាគលើប្រភពហិរញ្ញវត្ថុ និងកម្ចីនានា ដើម្បីគាំទ្រការប្រមូលទិញគ្រាប់ស្វាយចន្ទីនៅក្នុងដំណាក់កាលនេះ ដើម្បីជួយរក្សាលំនឹងថ្លៃផង ក៏ដូចជាដើម្បីបន្តរក្សាខ្សែ ច្រវាក់ផលិតកម្ម កែច្នៃក្នុងស្រុកផងដែរ។
ជាលទ្ធផល ក្រុមការងារចម្រុះបានសម្រេចបន្តតាមដាន នឹងធ្វើការជាមួយអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ និងធាតុចូលនានា មុននឹងសម្រេចវិធានការណ៍ជាក់លាក់ ដើម្បីអន្តរាគមន៍ការលើកស្ទួយផលិតកម្មទីផ្សារ និងរក្សាស្ថិរភាពថ្លៃស្វាយចន្ទី។
បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា ធ្លាប់បានបញ្ជាក់ថា បច្ចុប្បន្ននេះ គ្រាប់ស្វាយចន្ទីខ្នាតតូចឈ្មួញដើរប្រមូលទិញពីកសិករក្នុងតម្លៃ៣៦០០រៀល ក្នុងមួយគីឡូក្រាម, សម្រាប់គ្រាប់ពូជស្វាយចន្ទី M23 មានតម្លៃតែ៤៤០០រៀលក្នុងមួយគីឡូក្រាមនៅតាមតំបន់។ដែលតម្លៃនេះ មិនដូចកាលពីខែមីនាឆ្នំាទៅ គ្រាប់ស្វាយចន្ទីទាបបំផុតលក់បានថ្លៃ៥០០០រៀល បើប្រៀបធៀបនឹងឆ្នំា២០២៤នេះ តម្លៃធ្លាក់ចុះប្រមាណ៣០%។
ពាក់ព័ន្ធនឹងតម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះនេះ ប្រធានសមាគមសមាគមស្វាយចន្ទីកម្ពុជា បានអំពាវនាវទៅដល់សមាជិកដែលមានលទ្ធភាពឱ្យហាលគ្រាប់ស្វាយចន្ទីទុក ព្រោះសមាគមរំពឹងថាតម្លៃស្វាយចន្ទីនឹងឡើងថ្លៃមកវិញនៅក្នុងខែកក្កដា ឬខែកញ្ញាខាងមុខ៕