ក្រុមហ៊ុនអាមេរិកជាច្រើន កំពុងសម្លឹងឃើញថៃ ជាគោលដៅវិនិយោគទ្រង់ទ្រាយធំរបស់ខ្លួន

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បាននិយាយកាលពីថ្ងៃពុធ ទី១៣ ខែមីនាកន្លងទៅថា ប្រទេសថៃ កំពុងត្រូវបានចាត់ទុកថាជាគោលដៅអាទិភាពចម្បងមួយ សម្រាប់ក្រុមហ៊ុនអាមេរិកជាច្រើន ក្នុងការមកធ្វើចម្រុះកម្មលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ហើយពួកគេបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចាក់បញ្ចូលទឹកប្រាក់បន្ថែម សម្រាប់ការវិនិយោគនៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងផងដែរថា លោកស្រី Raimondo កំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងគោលបំណងជំរុញដល់ការវិនិយោគបន្ថែមទៀត នៅក្នុងបណ្តាប្រទេសដែលជាផ្នែកមួយនៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ហៅកាត់ IPEF។

ទន្ទឹមនឹងនេះ ដោយថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ក្នុងទីក្រុងបាងកក លោកស្រី Raimondo បានលើកឡើងថា ការវិនិយោគនៅក្នុងវិស័យសំខាន់ៗ ដូចជារថយន្តអគ្គិសនី គ្រឿងអេឡិចត្រូនិក និងវិស័យឌីជីថល នៅក្នុងប្រទេសថៃ កំពុងស្ថិតនៅក្នុងការចាប់អារម្មណ៍ជាពិសេស ពីសំណាក់បណ្តាក្រុមហ៊ុនអាមេរិក។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិករូបនេះ បានបន្ថែមទៀតថា ខណ:ពេលដែលក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក កំពុងសម្លឹងរកមើលឱកាសក្នុងការធ្វើចម្រុះកម្មទៅលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ហើយប្រទេសថៃ បានលេចចេញឡើង នៅក្នុងបញ្ជីគោលដៅកំពូល។

មិនតែប៉ុណ្ណោះ លោកស្រី Raimondo បានសង្កត់ធ្ងន់ទៀតថា ប្រទេសថៃ និងប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផ្សេងទៀត ដែលស្ថិតនៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច IPEF គឺត្រូវបានផ្តល់អាទិភាពពិសេស សម្រាប់ការវិនិយោគលើវិស័យបន្ទះឈីប semiconductors របស់អាមេរិក។

ជម្រាបជូនផងដែរថា លោកស្រី Raimondo បានទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន កាលពីដើមសប្តាហ៍នេះ ដោយក្នុងអំឡុងពេលនោះលោកស្រីបាននិយាយថា ក្រុមហ៊ុនអាមេរិកជាច្រើន ក៏បានបេ្តជ្ញាចិត្តក្នុងការវិនិយោគដែលមានទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារ ក្នុងប្រទេសដែលស្ថិតនៅតំបន់អាស៊ាននេះផងដែរ៕