ហ្វីលីពីន ជោគជ័យធំក្រោយទទួលបានការវិនិយោគ ៥ពាន់លានដុល្លារ ពីក្រុមហ៊ុនអាល្លឺម៉ង់ និងអាមេរិក

អន្តរជាតិ

ប្រទេសហ្វីលីពីន ថ្មីៗនេះត្រូវបានគេរាយការណ៍មកថា បានទទួលការសន្យាក្នុងការវិនិយោគទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារ ពីសំណាក់ក្រុមហ៊ុនអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍នេះ ទៅលើវិស័យសំខាន់ៗដូចជា សេវាថែទាំសុខភាព និងថាមពល ជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងពាណិជ្ជកម្មហ្វីលីពីន បាននិយាយកាលពីថ្ងៃពុធ ទី១៣ ខែមីនាកន្លងទៅថា ប្រធានាធិបតី លោក Ferdinand Marcos Jr ដែលកំពុងបំពេញទស្សនកិច្ចការងាររយៈពេលបីថ្ងៃ នៅប្រទេសអាឡឺម៉ង់ បានទទួលការសន្យាវិនិយោគក្នុងចំនួនទឹកប្រាក់ ៤ពាន់លានដុល្លារ ពីសំណាក់ក្រុមហ៊ុនអាល្លឺម៉ង់ បន្ទាប់ពីប្រទេសក្នុងតំបន់អាស៊ានមួយនេះ ក៏ទទួលបានការប្តេជ្ញាចិត្តក្នុងការវិនិយោគជាង ១ពាន់លានដុល្លារអាមេរិក ពីក្រុមហ៊ុនអាមេរិក​ កាលពីដើមសប្តាហ៍នេះផងដែរ។

គួរឲ្យដឹងថា នៅក្នុងប្រទេសអាឡឺម៉ង់ រដ្ឋាភិបាលហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគចំនួនប្រាំបី ដែលគ្របដណ្តប់លើការវិនិយោគក្នុងវិស័យជាច្រើន រួមទាំងការផលិតបន្ទះសូឡា គ្រឿងបង្គំរថយន្ត និងការផលិតរថពាសដែកកម្រិតយោធា ផងដែរ។

ទន្ទឹមនឹងនេះ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សេងទៀតផងដែរ រួមមានការអភិវឌ្ឍដ៏មានសក្តានុពលនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលមន្ទីរពេទ្យ មជ្ឈមណ្ឌលនវានុវត្តន៍ រួមទាំងភាពជាដៃគូផ្នែកសេវាថែទាំសុខភាពឌីជីថល និងការស្តារដីស្រែចម្ការឡើងវិញ។

ជម្រាបជូនផងដែរថា យោងតាមទិន្នន័យពីគេហទំព័រផ្លូវការរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បង្ហាញថា ប្រទេសហ្វីលីពីន បានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចំនួន ១២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ដោយតាមពីក្រោយប្រទេសវៀតណាម ដែលមានចំនួនវិនិយោគ ១៥,៧ពាន់លានដុល្លារ និងឥណ្ឌូនេស៊ី ចំនួន ២១,១ពាន់លានដុល្លារ៕