មកដឹងអ្នកឧកញ៉ា ឧកញ៉ារូបណាខ្លះ ចូលរួមឧបត្ថម្ភថវិកាសម្រាប់​សាងសង់​មន្ទីរពេទ្យ តេជោសែនកោះធំ

ជុំវិញ​ឧកញ៉ា

មន្ទីរពេទ្យ តេជោសែនកោះធំ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល ត្រូវ​បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ​​ក្រោម​អធិបតី​ភាព​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ មន្ទីរពេទ្យ​ថ្មីនេះ ​​បាន​ចំណាយ​ថ្លៃ​សាងសង់​អស់​ប្រមាណ ១០លានដុល្លារ ​​ហើយ​ក្នុង​នោះ​ក៏​មាន​ទាំង​​ថវិកា​ចូលរួម​ឧបត្ថម្ភ​ពី​សប្បុរសជន​​នានា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមបញ្ជីរាយនាមសប្បុរសជន ​​ដែល​ឧកញ៉ាញូស៍​ទទួល​បាន អ្នកឧកញ៉ា ឧកញ៉ា ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​សម្រាប់​សាង​សង់មន្ទីរពេទ្យ តេជោសែនកោះធំ ​​មាន​ដូចជា៖ អ្នកឧកញ៉ា លាង ឃុន ៥៥០ ០០០ដុល្លារ, អ្នកឧកញ៉ា ទ្រី ភាព ៥០០ ០០០ដុល្លារ, លោកស្រីអ្នកឧកញ៉ា ជឹង សុភាព ៤០០ ០០០ដុល្លារ, អ្នកឧកញ៉ា លី យ៉ុងផាត់ ២០០ ០០០ដុល្លារ, អ្នកឧកញ៉ា សៀ ឬទ្ធី ២៥ ០០០ដុល្លារ, ឧកញ៉ា ប៉ាង ណាំ ៥៧៨ ៣០២ដុល្លារ, ឧកញ៉ា វិញ ហួរ ១០០ ០០០ដុល្លារ, ឧកញ៉ា ទី ពិសិដ្ឋ ៥០ ០០០ដុល្លារ, ឧកញ៉ា ឡាវ កាំង ៥០ ០០០ដុល្លារ, ឧកញ៉ា គឹម ឆន ៥០ ០០០ដុល្លារ, ឧកញ៉ា ទ្រី ដាលុច ១០ ០០០ដុល្លារ និង​លោកស្រីឧកញ៉ា ចាន់ សុទ្ធា ២ ០០០ដុល្លារ។ ក្រៅពីអ្នកឧកញ៉ា ឧកញ៉ាខាងលើ ក៏មានការ​ចូលរួមឧបត្ថម្ភពីក្រុមហ៊ុនឯកជន និងថ្នាក់ដឹកនាំ រួមទាំងមន្ត្រីរាជការ តាមក្រសួងស្ថាប័ន និងមន្ទីរជំនាញពាក់ព័ន្ធ​មួយចំនួនទៀត​ផងដែរ។

មន្ទីរពេទ្យតេជោសែនកោះធំនេះ សាងសង់ឡើងដោយថវិកា បានមកពីការចូលរួមវិភាគទាន​របស់សប្បុរសជនក្នុងស្រុក​ទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ។ មន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានបើកការដ្ឋាន​សាងសង់​ឡើង កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នៅលើផ្ទៃដីទំហំ ១,៤៧ ហិកតា មានទីតាំងនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកោះធំ តាមបណ្តោយផ្លូវជាតិលេខ២១។ អាគារមន្ទីរពេទ្យមានទំហំសរុប ១៣.០០០ម៉ែត្រក្រឡា មាន១៥០គ្រែ បំពាក់ដោយ​ឧបករណ៍សម្ភារបរិក្ខារបច្ចេកទេសទំនើបៗ កម្រិតស្តង់ដាថ្នាក់ជាតិ ដើម្បីបម្រើឱ្យការព្យាបាល។

ថ្លែងក្នុងកម្មវិធីសម្ពោធ​ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា មន្ទីរពេទ្យតេជោសែន កោះធំ នឹងដើរតួនាទីយ៉ាង​សំខាន់​ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើក​ដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ និយាយដោយឡែក ក៏ដូចជាប្រជាពលរដ្ឋទូទៅ​ដែលមាន​តម្រូវ​ការ​សុខាភិបាល និយាយជារួមផងដែរ៕