កាលពីថ្ងៃទី១៣ ខែមីនា CEO ក្រុមហ៊ុន Facebook លោក Mark Zuckerberg បានធ្វើការដាក់ពាក្យបណ្ដឹងទៅកាន់អតីតអនុប្រធានក្រុមហ៊ុន គឺលោក Diphinder Singh Khurana ជុំវិញការចោទប្រកាន់ថា បានលួចទិន្នន័យសំខាន់ពីក្រុមហ៊ុនជាច្រើន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា លោក Khurana បានលួចនូវព័ត៌មានទាក់ទងនឹងបុគ្គលិកនៅក្រុមហ៊ុន Meta មួយចំនួន ដូចជាប្រាក់ខែ និងព័ត៌មានផ្ទៃក្នុង មុនចាកចេញពីក្រុមហ៊ុនមហាសេដ្ឋីអាមេរិក ទៅបើកក្រុមហ៊ុនផ្ទាល់ខ្លួនមួយ ដែលបច្ចុប្បន្ននេះជាដៃគូប្រជែងជាមួយក្រុមហ៊ុន Meta។
បន្ថែមពីនោះ បុគ្គលិក Meta ដែលត្រូវបានលួចព័ត៌មានមួយចំនួនធំ បានលាលែងពីក្រុមហ៊ុន ហើយងាកទៅធ្វើការជាមួយលោក Khurana វិញ ដែលធ្វើឲ្យមហាសេដ្ឋី Mark Zuckerberg ក្ដៅស្លឹកត្រចៀកជាខ្លាំង រហូតដល់ដាក់ពាក្យបណ្ដឹងបែបនេះ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Meta បានចេញសេចក្ដីថ្លែងការណ៍អះអាងថា អតីតអនុប្រធានក្រុមហ៊ុនខាងលើ បានធ្វើខុសពីកិច្ចសន្យា ដោយលួចនូវព័ត៌មានសំខាន់ៗនៅក្នុងក្រុមហ៊ុនដូចជា ទិន្នន័យប្រាក់ខែបុគ្គលិក ព័ត៌មានទាក់ទងនឹងដៃគូរកស៊ីធំៗ ក៏ដូចជាទិន្នន័យទាក់ទងនឹងបច្ចេកវិទ្យា AI ថែមទៀត។
សូមជម្រាបដែរថា សំណុំរឿងមួយនេះ ទំនងជះឥទ្ធិពលជាខ្លាំងដល់ក្រុមហ៊ុនរបស់លោក Khurana និងក្រុមហ៊ុន Meta ដ្បិតវាបានបង្ហាញពីភាពធូររលុងនៃច្បាប់របស់ក្រុមហ៊ុនខ្នាតយក្សមហាសេដ្ឋីអាមេរិក ដែលអាចធ្វើឲ្យប៉ះពាល់ដល់វិស័យបច្ចេកវិទ្យា ដែលកំពុងមានភាពប្រកួតប្រជែងខ្ពស់៕