សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ថ្មីៗនេះ បានឈានដល់ការអនុម័តទៅលើច្បាប់ថ្មី ដែលត្រូវបានស្នើឡើងកាលពីថ្ងៃពុធ ទី១៣ ខែមីនាកន្លងទៅ ដែលបង្ខំឲ្យ Tik Tok ត្រូវធ្វើការផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយក្រុមហ៊ុនមេ ByteDance របស់ចិន ឬមួយត្រូវបិទមិនឲ្យប្រើប្រាស់ នៅក្នុងទឹកដីសហរដ្ឋអាមេរិកតែម្តង។
តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍មកថា សមាជិកសភាបានធ្វើការបោះឆ្នោតគាំទ្រចំនួន ៣៥២ លើច្បាប់ថ្មីដែលបានស្នើឡើងនេះ ស្របពេលមានតែ ៦៥ សំឡេងប៉ុណ្ណោះដែលបានប្រឆាំង នៅក្នុងអំឡុងកិច្ចប្រជុំដ៏កម្រមួយ ដែលរៀបចំធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន។
ទន្ទឹមនឹងនេះ លោក Mike Johnson ដែលជាប្រធានសភាមកពីគណបក្សសាធារណរដ្ឋ បាននិយាយបន្ទាប់ពីការបោះឆ្នោតនេះថា ៖”ខ្ញុំជំរុញឲ្យព្រឹទ្ធសភាឆាប់អនុម័តទៅលើច្បាប់ថ្មីនេះ ហើយផ្ញើវាទៅកាន់ប្រធានាធិបតី ដូច្នេះគាត់អាចចុះហត្ថលេខាលើច្បាប់នេះ ដើម្បីអនុវត្តជាផ្លូវការ” ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការដាក់ឲ្យដំណើរការជាផ្លូវការនៃច្បាប់ថ្មីនេះ ហាក់នៅតែមានភាពមិនច្បាស់លាស់នៅឡើយ ក្នុងព្រឹទ្ធសភា ដោយសារតែមានការបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ដែលអាចកើតមាន ចំពោះការប្រឆាំងនឹងកម្មវិធីដែលមានអ្នកប្រើប្រាស់រហូតដល់ ១៧០ លាននាក់ នៅសហរដ្ឋអាមេរិក មួយនេះ។
ជាមួយគ្នានេះផងដែរ អ្នកនាំពាក្យម្នាក់របស់ TikTok បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយការបោះឆ្នោតនេះថា៖ “ដំណើរការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងដោយសម្ងាត់ ហើយច្បាប់ថ្មីនេះដែលបានស្នើឡើងនេះ ផ្តោតទៅលើរឿងតែម៉្យាងគត់ គឺត្រូវតែហាមឃាត់” ។
ប្រភពដដែលនេះ បានបន្ថែមទៀតថា ៖”យើងសង្ឃឹមថាព្រឹទ្ធសភានឹងពិចារណាលើការពិត ហើយស្តាប់សមាសភាពរបស់ពួកគេ និងដឹងពីផលប៉ះពាល់លើសេដ្ឋកិច្ច ព្រោះថាអាជីវកម្មខ្នាតតូចចំនួន ៧ លាន និងជនជាតិអាមេរិកចំនួន ១៧០ លាននាក់ កំពុងប្រើប្រាស់សេវាកម្មរបស់យើង”៕