សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំនួបកន្លងមកបានទាក់ទាញការវិនិយោគមកកម្ពុជា ១៧៣គម្រោង

សង្គម​ និង​សេដ្ឋកិច្ច

បន្ទាប់ពីទទួលដំណែងនាយករដ្ឋមន្រ្តីនៅអាណត្តិទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញទៅក្រៅប្រទេសជាច្រើនទាំងនៅក្នុងក្របខណ្ឌការទូតនយោបាយ អន្តរជាតិ សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។ ដំណើរទស្សនកិច្ចផ្លូវការនៅតាមបណ្តាប្រទេសនានាភាគច្រើនសម្តេចធិបតីបានជួបជាមួយគណៈប្រតិភូក្រុមវិនិយោគិនដើម្បីទាក់ទាញក្រុមហ៊ុនទាំងនោះមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការដើរទាក់ម៉ូយរបស់ប្រមុខរាជរដ្ឋាភិបាលកមម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី៦ នៅថ្ងៃទី១៥ ខែមីនានេះ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា រយៈពេល៦ខែមកនេះ ក្រោយបង្កើតរដ្ឋាភិបាលថ្មី មានគម្រោងថ្មី១៧៣គម្រោង បានចុះបញ្ជីវិនិយោគនៅ CDC។ សម្តេចធិបតីថ្លែងថា «ក្នុងចំណោមអ្នកដែលបានជួបសម្តេចរាប់រយកន្លងមក មានមួយចំនួនជ្រើសរើសកម្ពុជាសម្រាប់វិនិយោគ និងមួយចំនួនទៀត មិនទាន់សម្រេចចិត្តជ្រើសរើសកម្ពុជានៅឡើយ ហើយអ្នកដែលជ្រើសរើសមាន ១៧៣គម្រោង»។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបន្តថ្លែងថា៖ «រយៈពេល៦ខែមកនេះ មានទុនវិនិយោគ៤១៥០លានដុល្លារ នៅក្នុងប្រទេសកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងចំណោមគម្រោងវិនិយោគនៅកម្ពុជា ១៧៣គម្រោងនេះ បានបង្កើតការងារប្រមាណជាង១៧ម៉ឺនកន្លែង»។

បើតាមសម្តេចធិបតីនៅក្នុងរយៈពេល៦ខែ នៃការដើរទាក់ម៉ូយ មិនមែនទាក់បានតែខ្យល់ទេ គឺទាក់បានគម្រោងទាំងនេះដែរ។ សម្តេចធិបតីបានបញ្ជាក់ទៀតថា ៦ខែមកនេះ រោងចក្រសហគ្រាសសរុបដែលបានបើកថ្មីមាន៣៣១៣ ក្នុងនោះមានវិស័យកាត់ដេរ ១៦៤រោងចក្រ៕ អត្ថបទ៖ អក្ខរា