យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS) បានរាយការណ៍មកថា ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន បានធ្លាក់ចុះ ៩% ក្នុងរយ:ពេលពីរខែដំបូងឆ្នាំ២០២៤នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
តួលេខពីវិស័យអចលនទ្រព្យផ្លូវការដែលបានចេញផ្សាយដោយ NBS កាលពីសប្តាហ៍មុន បានបង្ហាញឲ្យដឹងទៀតថា វិស័យដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរនេះ ក៏បានប្រឈមមុខជាមួយនឹងធ្លាក់ចុះនៃតម្លៃផ្ទះផងដែរ ដោយកាលពីក្នុងខែកុម្ភៈកន្លងទៅ តម្លៃផ្ទះបានធ្លាក់ចុះដល់ទៅ ០,៣% ។
ទន្ទឹមនឹងនេះ លោក Nie Wen សេដ្ឋវិទូនៃក្រុមហ៊ុន Hwabao Trust បាននិយាយថា វិស័យអចលនទ្រព្យរបស់ប្រទេសចិននៅតែស្ថិតក្នុងនិន្នាការធ្លាក់ចុះ ហើយថាការធ្លាក់ចុះនៃការវិនិយោគលើវិស័យនេះ ទំនងជាមិនផ្លាស់ប្តូរនោះទេ ដោយសារក្រុមហ៊ុនអភិវឌ្ឍជាច្រើន នៅតែបន្តជួបប្រទះជាមួយនឹងវិបត្តិបំណុល។
គួរឲ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសចិន បាននិងកំពុងបង្កើនវិធានការជាច្រើន ដើម្បីពង្រឹងវិស័យអចលនទ្រព្យដែលធ្លាក់ចូលក្នុងវិបត្តិរបស់ខ្លួន ជាមួយនឹងការចាប់ផ្តើមយន្តការថ្មីមួយ ដែលគេហៅថា “បញ្ជីស” កាលពីក្នុងខែមករា ដោយធ្វើការបញ្ជូនមូលនិធិពីធនាគាររដ្ឋ ទៅក្នុងគម្រោងអចលនទ្រព្យក្នុងស្រុកមួយ ដែលត្រួវបានកំណត់ដោយរដ្ឋាភិបាល។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទីផ្សារហាក់នៅតែមិនមានការផ្លាស់ប្តូរអ្វីនោះឡើយ ជាមួយនឹងការទិញផ្ទះ ការផ្តល់ហិរញ្ញប្បទាន និងការចាប់ផ្តើមសាងសង់គម្រោងឡើងវិញ របស់ក្រុមហ៊ុនអចលនទ្រព្យ នៅតែបន្តធ្លាក់ចុះដដែល៕