ឥណ្ឌូណេស៊ី កំពុងដាក់គោលដៅទាញភ្ញៀវទេសចរចិនឲ្យបាន ១,៥ លាននាក់ នៅក្នុងឆ្នាំនេះ

អន្តរជាតិ

យោងតាមក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ី កាលពីពេលថ្មីៗនេះ បានបង្ហើបពីគោលបំណងក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យបានចំនួន ១,៥ លាននាក់ ពីប្រទេសចិន ក្នុងឆ្នាំ២០២៤ នេះ ពោលគឺជាចំនួនកើនឡើងទ្វេដង បើធៀបទៅនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Jakarta Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ នាយកនៃការិយាល័យទីផ្សារទេសចរណ៍អាស៊ីបូព៌ា លោក Adila Chaerman បាននិយាយថា ការបង្កើនចំនួនជើងហោះហើរត្រង់មកកាន់ប្រទេសឥណ្ឌូណេស៊ី គឺជាគន្លឹះដ៏សំខាន់បំផុត ក្នុងការបង្កើនចំនួនភ្ញៀវទេសចរអន្តជាតិមកកាន់ប្រទេសរបស់ខ្លួន ជាពិសេសក្រុមហ៊ុនអាកាសចរណ៍មកពីចិនដីគោក និងម៉ាកាវ ដែលបានបើកជើងហោះត្រង់ជាច្រើន មកកាន់ឥណ្ឌូណេស៊ី ចន្លោះពីឆ្នាំ២០២៣ ដល់២០២៤ នេះ។

យ៉ាងណាមិញ ជុំវិញជើងហោះហើរត្រង់ទាំងនេះ ត្រូវបានគេរំពឹងថានឹងអាចដឹកជញ្ជូនអ្នកដំណើរជាង ១ លាននាក់ ពីប្រទេសចិន មកកាន់តំបន់មួយចំនួនរបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានតភ្ជាប់ផ្លូវហោះហើរត្រង់ជាច្រើនរួចមកហើយ រួមមានទីក្រុងហ្សាកាតា កោះបាលី និងទីក្រុង Manado របស់ខេត្ត North Sulawesi។

គួរឲ្យដឹងថា ឥណ្ឌូណេស៊ី បានមើលឃើញពីការស្ទុះងើបឡើងវិញបន្តិចម្តងៗនៃការមកដល់របស់ភ្ញៀវទេសចរចិន បន្ទាប់ពីវិធានការរឹតបន្តឹងកូវីដ-១៩ ត្រូវបានដកចេញទាំងស្រុង ដោយក្នុងនោះមានអ្នកទេសចរចិនចំនួន ៧៨៨ ០០០ នាក់ បានមកដល់ឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០២៣ កន្លងទៅ។ នេះបើយោងតាមទិន្នន័យទទួលបានពីស្ថិតិជាតិឥណ្ឌូនេស៊ី (BPS) ។

ជម្រាបជូនទៀតផងដែរថា ប្រទេសចិន បន្តជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកដែលបានរួមចំណែកដ៏ធំបំផុតនៃការមកដល់របស់ភ្ញៀវទេសចរបរទេស របស់ប្រទេសឥណ្ឌូនេស៊ី ដោយភ្ញៀវទេសចរចិនភាគច្រើនចូលចិត្តទៅលេងនៅទីក្រុងហ្សាកាតា និងកោះបាលី៕