អ្នកឧកញ៉ា សុខ គង់ ប្រើប្រាស់ដីជាង៩០ហិកតា លើគម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រទាំងមូល

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល ​​បាន​ប្រើប្រាស់​ផ្ទៃដី​​សរុបប្រមាណ​​ជាង ៩០​ហិកតា សម្រាប់​គម្រោង​សាង​សង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រទាំងមូល ​​នៅលើ​ខ្នងភ្នំ​បូកគោ ​​ដែល​រួម​មាន​ទាំង​ការ​កសាង​ព្រះពុទ្ធប្បដិមា​​ដ៏​ធំ​ស្កឹមស្កៃ និង​ព្រះពុទ្ធប្បដិមាអង្គតូច​ចំនួន ៨៤,០០០​អង្គ។ ​​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន សុខា អូតែល ​​បាន​ឱ្យ​ដឹង​ថា នៅក្នុងគម្រោងទាំងមូល​ គឺ​មានផ្ទៃដីសរុបរហូតដល់ទៅ ៩១,៧​ហិកតា​ ហើយ​​នឹងមានគម្រោងបង្កើតនូវឧទ្យានផ្សេងៗ​ជាច្រើន ដែលក្នុងឧទ្យាននីមួយៗ​សុទ្ធសឹងតែមានដំណែល​រឿង​ទាក់ទងទៅនឹងព្រះពុទ្ធសាសនា និងពុទ្ធប្រវត្តិ។

បន្ថែមពីនេះ នៅលើផ្ទៃដីដ៏ធំ​ ក្រៅពីទេសភាពដែលអំណោយផល​ពីធម្មជាតិនៃឧទ្យានជាតិមុនីវង្យបូកគោ ​ក៏​នឹងមានការដាំ​រុក្ខជាតិ​បន្ថែមជាច្រើនទៀតដើម្បីបង្កើនសោភ័ណភាព ​និងភាពទាក់ទាញកាន់តែខ្លាំង មានដូចជា៖ ដើម​សាគូរ៉ាពណ៍ឈូក, ដើម​សាគូរ៉ាពណ៍ឈូកស្រាល, ដើម​សាគូរ៉ាពណ៍ស, ដើម​សាគូរ៉ាពណ៍លឿង, ដើមស្រល់, ដើមឬស្សី, ដើមពោធិ៍, ដើម​សាល​ព្រឹក្ស ​រួមជាមួយ​នឹង​ព្រៃធម្មជាតិ​ផងដែរ។

គម្រោង​សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ​​ នៅលើខ្នងភ្នំ​បូកគោ​ ស្ថិតនៅក្នុងឧទ្យានជាតិ​ព្រះមនុវង្ស «បូកគោ» ​ខេត្តកំពត ​ត្រូវ​បាន​បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់​​ជា​ផ្លូវការ​ ក្រោម​អធិបតីភាព​ លោក​ ជា សុផារ៉ា កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ២០២៣។ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល ធ្លាប់បានបញ្ជាក់ថា ព្រះពុទ្ធបដិមានេះ នឹង​ចំណាយរយៈពេល​សាងសង់​​ ៤ឆ្នាំ និងចំណាយប្រាក់ចន្លោះពី ៣០លានដុល្លារ ទៅ៤០​លាន​ដុល្លារ​អាមេរិក៕ ​