ឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម-មណ្ឌលគិរី ត្រៀមឆ្លងប្រគេនអណ្ដូងទឹកស្អាតទី៤ ដល់ព្រះអង្គ វន វាសីច័ន្ទមុនី នៅមុនពេលពិធីចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីទុកឱ្យប្រជាជនប្រើប្រាស់តាមតម្រូវការ។
លោកឧកញ៉ា បានលើកឡើងលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃអង្គារនេះ យ៉ាងដូច្នេះថា អណ្តូងទឹក និងប្រព័ន្ធចែកចាយទឹកស្អាតទី៤ បានសាងសង់រួចប្រហែល ៤០%ហើយ ខណៈដែលជាងកំពុងសម្រុកឱ្យទាន់មុនចូលឆ្នាំខ្មែរ ដើម្បីវេរឆ្លងប្រគេនព្រះអង្គធម្មវន វាសី ច័ន្ទ មុនី ព្រោះឆ្នាំនេះគ្មានភ្លៀងសោះ។
លោកឧកញ៉ា ហួត ឈឿន ធ្លាប់បានបញ្ជាក់ថា អណ្តូងដំបូងនិងអណ្តូងទី២ បានវេរប្រគេនវត្តរួចរាល់ហើយ ចំណែកអណ្តូងទី៣ ទោះសាងសង់រួចរាល់ក្ដី តែមិនទាន់បានវេរប្រគេនព្រះអង្គនៅឡើយទេ ចាំវេរប្រគេនរួមគ្នាជាមួយនឹងអណ្តូងលើកទី៤តែម្តង។
ក្នុងឱកាសនោះដែរ លោកឧកញ៉ា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ លោកឧកញ៉ា លោកលោកស្រី និងពុទ្ធបរិស័ទទាំងអស់ ដែលបានចូលរួមបច្ច័យ សម្រាប់កសាងអណ្ដូងនោះគ្រប់ៗគ្នា៕