លោកខាងលិចរិះគន់យ៉ាងចាស់ដៃ ចំពោះលទ្ធផលឈ្នះឆ្នោតរបស់បុរសខ្លាឃុំទឹកកក

អន្តរជាតិ

បន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន ទទួលបានសម្លេងឆ្នោតគាំទ្រលើសគេ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីកាលពីពេលថ្មីៗ រដ្ឋាភិបាលរបស់ប្រទេសលោកខាងលិចជាច្រើន បានធ្វើការជំទាស់នឹងលទ្ធផលមួយនេះ ដោយលើកឡើងថាជារឿងអយុត្តិធម៌ និងមិនមែនជាការបោះឆ្នោតដោយសេរីឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ គេឃើញមានលោក Josep Borrell អ្នកតំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការបរទេស ​និង​គោលនយោបាយ​សន្តិសុខរ​បស់​សហភាព​អឺរ៉ុប បានចេញមុខច្រានចោលលទ្ធផលបោះឆ្នោតនៅរុស្ស៊ីទាំងស្រុងថា ជារឿងដ៏សែនអាម៉ាសមួយបំផុត ស្របពេលរដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់លោកស្រី Annalena Baerbock បានធ្វើការរិះគន់ចំៗថា វាគ្រាន់តែជាការបោះឆ្នោតដែលគ្មានជម្រើស ខណៈឯក្រសួងការបរទេសបារាំងឯណោះវិញ បាននិយាយផងដែរថា វាមិនមែនជាលក្ខណ្ឌសម្រាប់ការបោះឆ្នោតដោយសេរី ពហុនិយម និងបែបប្រជាធិបតេ្យនោះទេ។

ជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បានបញ្ចេញមតិបែបនេះថា លទ្ធផលនៃការបោះឆ្នោតនៅរុស្ស៊ីអាចគូសបញ្ជាក់ថា វាមានការគាបសង្កត់ជម្រៅណានៅក្នុងប្រទេសរុស្ស៊ី។ លោក ពូទីន បានដកគូប្រជែងនយោបាយ គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ហើយបន្ទាប់មកជ្រើសយកខ្លួនឯងជាអ្នកឈ្នះ នេះមិនមែនជាប្រជាធិបតេយ្យនោះទេ។

ដូចគ្នាទៅនឹងបណ្តាប្រទេសមួយចំនួននៅលោកខាងលិចដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានលើកឡើងថា ការបោះឆ្នោតរបស់រុស្ស៊ីមិនមានភាពស្របច្បាប់ទេ វាច្បាស់ណាស់សម្រាប់មនុស្សគ្រប់គ្នានៅក្នុងពិភពលោក ថាគាត់ធ្វើអញ្ចឹងដើម្បីបានអំណាច​ ហើយកំពុងធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីគ្រប់គ្រងអំណាចរបស់ខ្លួនជាងរៀងរហូត។ យ៉ាងណា ប្រធានាធិបតីអាមេរិកលោក Joe Biden នៅមិនទាន់ឮលោករិះគន់អ្វីឡើយ ប៉ុន្តែអ្នកនាំពាក្យសេតវិមានកាលពីថ្ងៃ១៧ ខែមីនាបាននិយាយផងដែរថា ជាក់ស្តែងការបោះឆ្នោតរបស់រុស្ស៊ីគឺមិនសេរី និងគ្មានយុត្តិធម៌នោះឡើយ។

សូមជម្រាបបន្ថែមថា បើទោះបីជាបណ្តាប្រទេសលោកខាងលិច បានធ្វើការរិះគន់យ៉ាងចាស់ដៃដូច្នេះក៏ដោយ សម្ព័ន្ធមិត្តធំៗមួយចំនួនដូចជាចិន ឥណ្ឌា និងកូរ៉េខាងជើង បានអបអរសាទរទៅកាន់មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលនឹងត្រូវបន្តតំណែងបានមួយអាណត្តិទៀតក្នុងនាមជាប្រធានាធិបតី ព្រមទាំងបានធ្វើការប្តេជ្ញាចិត្តពង្រឹងចំណងមិត្តភាពរបស់ប្រទេស ឲ្យកាន់តែរឹងមាំជាងមុនថែមទៀត៕