បោះឆ្នោតរួចភ្លាម លោកពូទីន ពិចារណាធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយនៅអាស៊ី

អន្តរជាតិ

បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីថ្មីបានចប់សព្វគ្រប់រួចមក មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងយ៉ាងដូច្នេះថា ខ្លួននឹងពិចារណាអំពីការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១៩ ខែមីនា សារព័ត៌មាន Reuters បានរាយការណ៍មកថា លោក ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសចិននាខែឧសភាខាងមុខ ដើម្បីជួបពិភាក្សាជាមួយលោក ស៊ី ជីនពីង ខណៈដែលវាអាចហៅបានថា ជាដំណើរទៅខាងក្រៅប្រទេសលើកដំបូងរបស់ប្រមុខវិមានក្រឹមឡាំង នៃអាណត្តិថ្មីជាប្រធានាធិបតី។

ជាមួយគ្នា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានរាយការណ៍ផងដែរថា នៅអំឡុងកិច្ចប្រជុំជាមួយក្រុមសមាជិកសភា មេដឹកនាំបក្សកុម្មុយនិស្តលោក Gennady Zyuganov បានស្នើសុំឲ្យលោក ពូទីន ជ្រើសយកទីក្រុងប៉េកាំងក្នុងការជួបប្រជុំគ្នា។

“ខ្ញុំសង្ឃឹមថាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ពូទីន គឺទៅកាន់ទិសបូព៌ា មិនមែនទៅទិសខាងលិចនោះទេ។ សមមិត្ត ស៊ី ជីនពីង កំពុងតែរង់ចាំ ពូទីន ទៅលេង គាត់ស្រឡាញ់ប្រទេសរបស់យើងខ្លាំងណាស់”។ នេះបើតាមសម្តីរបស់លោក Zyuganov បានលើកឡើង។

គួរជម្រាបថា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីបានចប់រួចរាល់មក រដ្ឋាភិបាលនៃបណ្តាប្រទេសលោកខាងលិច បានរួមគ្នាមិនទទួលស្គាល់អំពីការបោះឆ្នោតនោះទេ ដោយចោទថាជារឿងអយុត្តិធម៌ ហើយមិនមែនជាសេររីភាពនៃការបោះឆ្នោតឡើយ តែយ៉ាងណាប្រទេសធំៗមួយចំនួនដូចជាចិន ឥណ្ឌា ក៏ដូចជាកូរ៉េខាងជើងជាដើម បានផ្ញើសារអបអរសាទរទៅកាន់មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលមានឳកាសបន្តអាណត្តិថ្មី ក្នុងនាមជាប្រធានាធិបតីរុស្ស៊ីរយៈពេលប្រាំមួយឆ្នាំបន្ថែមទៀត៕