លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ID Capital PLC (IDC) សហការជាមួយ ក្រុមហ៊ុនធានារ៉ាប់រង FWD បានរៀបចំកម្មវិធី បទបង្ហាញឱកាសវិនិយោគ “IDI Investment Roadshow” នៅសណ្ឋាគារ Hyatt Regency Phnom Penh កាលពីថ្ងៃទី១៥ ខែមីនា កន្លងទៅនេះ ដោយមានការចូលរួមពីសំណាក់វិនិយោគិន សហគ្រិន រួមទាំងអ្នកជំនាញខ្មែរ និងអន្តរជាតិ សរុបចំនួន ៩២ នាក់។
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ មានប្រសាសន៍ថា៖ “កម្មវិធី IDI Investment Roadshow ឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់យើងក្នុងការជំរុញភាពច្នៃប្រឌិត និងបង្កើនសហការគ្នានៅក្នុងសហគមន៍ធុរកិច្ច និងវិនិយោគ”។
ព្រឹត្តិការណ៍នេះ ក៏រួមចំណែកផ្តល់នូវវេទិកាដ៏ល្អសម្រាប់ការផ្លាស់ប្តូរប្រកបដោយអត្ថន័យ និងជាមូលដ្ឋានគ្រឹះ សម្រាប់កិច្ចសហការនាពេលអនាគត តាមរយៈការចែករំលែកគំនិតអាជីវកម្ម បទបង្ហាញពីគំនិតច្នៃប្រឌិត ចំណេះដឹងពាក់ព័ន្ធការវិនិយោគ និងការពង្រីកបណ្តាញទំនាក់ទំនង។ ប្រធានបទសំខាន់ៗ ដែលត្រូវបានវាគ្មិន អ្នកជំនាញ ម្ចាស់អាជីវកម្ម សហគ្រាស និងថ្នាក់ដឹកនាំតំណាងក្រុមហ៊ុន ដែលបានចូលរួមចែករំលែក ក្នុងកម្មវិធី “IDI Investment Roadshow” នាពេលនោះ រួមមាន៖
- សារៈសំខាន់នៃទីផ្សារហិរញ្ញវត្ថុក្នុងការកសាងទ្រព្យសម្បត្តិ និងកេរដំណែលសម្រាប់អ្នកជំនាន់ក្រោយ បកស្រាយដោយលោក Nanwani Vishal Ramesh នាយកប្រចាំក្រុមហ៊ុនគ្រប់គ្រងការវិនិយោគនៅសឹង្ហបុរី Golden Equator Wealth។
- សក្ដានុពលនៃការផ្លាស់ប្តូរដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងការអនុវត្តអាជីវកម្ម បកស្រាយដោយ លោក ធន់ វីរៈ នាយកប្រតិបត្តិចែកចាយ ក្រុមហ៊ុន FWD Insurance ។
- គំរូអាជីវកម្មរួមបញ្ចូលយេនឌ័រ បកស្រាយដោយ លោកស្រី ឆែ កញ្ញា នាយកប្រតិបត្តិ សប្បកម្មពន្លៃធម្មជាតិ ។
- បរិយាបន្នវិនិយោគក្នុងសហគមន៍ធុរកិច្ចបង្កើតថ្មី បកស្រាយដោយ លោក David Shelters អ្នកជំនាញ និងអ្នកបណ្តុះបណ្តាលអំពីធុរកិច្ច និងការវិនិយោគ។
- ប្រព័ន្ធអេកូឡូស៊ីគាំទ្រសម្រាប់សហគ្រិនភាព បកស្រាយដោយ លោក Rajiv Pradhan នាយក SWISSCONTACT ប្រចាំកម្ពុជា។
- ហិរញ្ញប្បទានរួមបញ្ចូលសម្រាប់សហគមន៍បកស្រាយដោយ លោកស្រី ឈាង កញ្ញា នាយកប្រតិបត្តិផ្នែកទទួលប្រាក់បញ្ញើប្រចាំគ្រឹះស្ថាន LOLC Cambodia។
- គម្រោងអាជីវកម្មរបស់សមាជិក IDI ចំនួនបីក្នុងវិស័យកសិកម្ម និងសុខាភិបាល ដែលបានអភិវឌ្ឍ និងរៀបចំផែនការអាជីវកម្មដោយសមាគម IDI បកស្រាយដោយ លោក វាន់ រតនា នាយកសេវាកម្មវិនិយោគ IDI និង IDC ។
“កម្មវិធី IDI Investment Roadshow នេះរៀបចំឡើងក្នុងគោលបំណងចូលរួមកាត់បន្ថយគម្លាតរវាងវិនិយោគិន និងសហគ្រិន។ ទិសដៅចម្បង គឺការផ្គូផ្គងអាជីវកម្ម សម្របសម្រួល ប្រយោជន៍បង្កើតទំនាក់ទំនងធុរកិច្ចប្រកបដោយផលិតភាព។ ហើយក្រុមការងារយើង ពិតជាមានសេចក្តីសោមនស្សរីករាយ ចំពោះភាពជោគជ័យនៃកម្មវិធី IDI Investment Roadshow ហើយយើងនឹងរៀបចំម្តងទៀតនាពេលខាងមុខ”។ នេះបើតាមប្រសាសន៍បន្ថែម របស់លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ។
គួរបញ្ជាក់ថា សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ត្រូវបានបង្កើតឡើងសហគ្រិន ម្ចាស់សហគ្រាស ម្ចាស់ក្រុមហ៊ុនអាជីវកម្ម ដែលជាសមាជិកជាច្រើនស្ថាប័នចូលរួមជាបន្តបន្ទាប់។ IDI បច្ចុប្បន្ន កំពុងតែផ្តោតការវិនិយោគលើវិស័យសំខាន់ៗចំនួន៣ រួមមាន៖ អចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងសំខាន់របស់កម្ពុជា ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!