កាលពីថ្ងៃទី២០ ខែមីនា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានយល់ព្រមអនុញ្ញាតឲ្យលោក Vo Van Thuong លាលែងពីតំណែងជាប្រធានាធិបតី តបតាមការស្នើសុំផ្ទាល់ខ្លួនរបស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។
យោងតាមរបាយការណ៍ បានលើកឡើងយ៉ាងដូច្នេះថា ប្រធានាធិបតីវ័យ ៥៤ឆ្នាំរូបនេះ បានប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិរបស់បក្ស ពោលការបំពាន និងភាពខ្វះចន្លោះរបស់លោក បានបង្កឲ្យមានមតិរិះគន់ជាសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់បក្ស រដ្ឋ និងបុគ្គល។
លោក Vo Van Thuong នឹងចាកចេញពីមុខតំណែងជាប្រធាន សមាជិកការិយាល័យនយោបាយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ និងជាប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខសម្រាប់អាណត្តិ ២០២១-២០២៦ តាមសេចក្តីសម្រេចដែលបានប្រកាសនៅក្នុងសម័យប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ។
គួរជម្រាបថា លោក Thuong បានឡើងកាន់តំណែងជាប្រធានាធិបតីកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ជំនួសលោក Nguyen Xuan Phuc ដែលធ្លាប់ប្រកាសលាលែងពីតំណែងដូចគ្នា។ យ៉ាងណារយៈពេលមួយឆ្នាំក្នុងនាមជាប្រធានាធិបតី លោកបានធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេសបានចំនួន ១០ដងផងដែរ៕