ក្រុមហ៊ុនផលិតស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន លោកឧកញ៉ា លាង ពៅ សហការបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

ជុំវិញ​ឧកញ៉ា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាបុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាសា្ថនពហុបច្ចេកទេសកម្ពុជា (NPIC) និង​បើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្ដម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ, លោកឧកញ៉ា លាង ពៅ ប្រធានក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ឯកឧត្ដមបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថាន​ជាតិពហុបច្ចេកទេសកម្ពុជា, លោក គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងមន្រ្តីក្រសួង ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន សាស្រ្តាចារ្យ សិក្ខាកាម និងនិស្សិតនៃវិទ្យាស្ថាន NPIC ជាច្រើននាក់ផងដែរ។

ថ្លែងក្នុងកម្មវិធី លោកឧកញ៉ា លាង ពៅ ប្រធានក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន មានប្រសាសន៍ថា មូលហេតុចម្បងៗ ៣យ៉ាង ដែលជំរុញឱ្យក្រុមហ៊ុនសហការបើកវគ្គបណ្ដុះបណ្ដាលជំនាញនេះឡើង៖

ទី១ ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ចង់ពង្រឹងជំនាញបច្ចេកទេស និងវិជ្ជាជីវៈច្បាស់លាស់​ជូនទៅដល់​សិក្ខាកាមជាងសំណង់ដែលបានបណ្ដុះបណ្ដាលក្នុងគម្រោងអភិវឌ្ឍន៍ជំនាញ ក្រោមការទទួលស្គាល់ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ទី២ ៖ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ការងារ ស្របតាមស្តង់ដារួមនៃវិស័យសំណង់ក្នុងប្រទេសកម្ពុជា។

ទី៣ ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ចង់បង្ហាញពីនវានុវត្តន៍ភាពនៃ​គំនិតច្នៃប្រឌិតថ្មីក្នុងការផលិត​ស៊ីម៉ងត៌​នៅក្នុងប្រទេសកម្ពុជា យោងតាមបទដ្ឋានលំដាប់ពិភពលោក ស្របតាមនិន្នាការបច្ចុប្បន្ន​នៃផលិតកម្មដែលកំពុង​វិវត្តន៍ទៅជាលក្ខណៈ Green Cement ជាស៊ីម៉ងត៍ដែលប៉ះពាល់តិចបំផុតដល់បរិស្ថាន។

លោកឧកញ៉ា លាង ពៅ ជឿជាក់បំផុតថា ការផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុនប្រកបដោយ​គុណភាពខ្ពស់អនុលោម​ទៅតាម​ស្តង់ដា ឬបទដ្ឋានផលិតស៊ីម៉ងត៍កម្រិតអន្តិរជាតិ និងការកាត់បន្ថយផលប៉ះពាល់​ជាអវិជ្ជមានដល់បរិស្ថានក្នុងកម្រិតតិចតួច​បំផុត ដោយគោរពទៅតាមការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលជួយបង្កើននូវនិរន្តរភាពទាំងផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គម ។

លោកឧកញ៉ា លាង ពៅ បានបន្ថែមថា សព្វថ្ងៃរោងចក្រផលិតស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរសិន ដែលមាន​ទីតាំង​នៅខេត្តកំពតបាននឹងកំពុងអនុវត្តដំណើរការប្រព័ន្ធច្រវ៉ាក់ផលិតកម្មក្នុងរោងចក្រតាមបែបទំនើបឈ្មោះថា Co-Processing ចេញពីកន្លែងគ្រប់គ្រងសំណល់ឈ្មោះ Eco-cycle តាមរយៈការប្រើប្រាស់ និងកម្ទេចកាកសំណល់​ដូចជា​កម្ទេចឈើ អាចម៌រណារ អង្កាម ព្រមទាំងសំណល់ឧស្សាហកម្មជាដើម មកកែច្នៃជាថាមពលជំនួស​ធ្យូងថ្មក្នុងដំណើរការ​ឡដុតស៊ីម៉ងត៍ ដើម្បីផលិតចេញជាស៊ីម៉ងត៍ប្រកបដោយគុណភាពខ្ពស់តាមស្តង់ដាពិភពលោក។

លោកឧកញ៉ា ប្រធានក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានសង្កត់ធ្ងន់ថា យ៉ាងណាក៏ដោយ បើសិនជាយើង​មានផលិតផលស៊ីម៉ងត៍ដែលផលិតក្នុងស្រុក ដោយក្រុមហ៊ុនសហគ្រិនខ្មែរ ដែលមានគុណភាពស្តង់ដា​កម្រិតអន្តរជាតិ​ក៏ពិតមែន ប៉ុន្តែទន្ទឹមគ្នានោះ យើងក៏នៅតែត្រូវការធនធានមនុស្សលើផ្នែកបច្ចេកទេស ដែលមានវិជ្ជាជីវៈច្បាស់លាស់ ឆ្លងកាត់ការបណ្ដុះបណ្ដាលត្រឹមត្រូវផងដែរ។ ហេតុដូច្នេះហើយ ទើបក្រុមហ៊ុនផលិតស៊ីម៉ងត៌ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នា និងបើកវគ្គបណ្ដុះបណ្ដាល​ការងារកំបោរក្នុងវិស័យសំណង់ ជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៅពេលនេះ។

អមជាមួយគ្នានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា វគ្គបណ្តុះ​បណ្តាលជំនាញកំបោរក្នុងវិស័យសំណង់នេះនឹងផ្តល់ឱកាសដល់សិក្ខាកាមឱ្យមានជំនាញផ្នែកកំបោរលក្ខណៈស្តង់ដា ហើយក៏ជាឱកាសនៃការទទួលបានការងារក្នុងក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជាផងដែរ។

ឆ្លៀតឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានកោតសរសើរដល់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែល​បាន​នាំយកនូវបច្ចេកវិទ្យាចុងក្រោយក្នុងការផលិតស៊ីម៉ងត៍មានគុណភាពខ្ពស់ដើម្បីបម្រើដល់វិស័យសំណង់។ ឯកឧត្តម​រដ្ឋមន្រ្តី បានបន្ថែមថា តាមរយៈកិច្ចសហការជាមួយវិស័យឯកជននេះ គឺជាភាពជាក់ស្ដែងមួយ​នៃកិច្ចសហការ​រួមគ្នាក្នុង​ការជំរុញការអនុវត្ត និងសម្រេចឱ្យបាននូវគោលនយោបាយ​របស់រាជរដ្ឋាភិបាលលើការងារអភិវឌ្ឍន៍មូលធនមនុស្ស​ក៏ដូចជាការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង​របស់​កម្ពុជាឱ្យកាន់តែល្អប្រសើរឡើង ហើយក៏ជាការរួមចំណែកមួយដែល​បង្ហាញអំពីការយកចិត្តទុកដាក់របស់​វិស័យឯកជន​ក្នុងការចូលរួមកសាង និងកៀរគរធនធានមនុស្សផ្នែកបច្ចេកទេស តាមរយៈភាពជាដៃគូរវាងរដ្ឋ និងឯកជនដែលកិច្ចការ​បណ្តុះបណ្តាលនេះ​ក៏បានឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍មូលធនមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។

នៅមុនបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ជាសារណែនាំឱ្យសិក្ខាកាម និងសិស្សានុសិស្សបន្តខិតខំរៀនសូត្រ​ឱ្យបាន​ល្អទាំងជំនាញបច្ចេកទេស និងឥរិយាបទនៃការធ្វើការ រួមទាំងជំនាញទំនាក់ទំនង ព្រោះថាជីវិតការងារទាមទារ​ទាំងចំណេះ​ជំនាញ ឥរិយាបទការងារ និងការប្រាស្រ័យទាក់ទងគ្នា។

យោងតាមប្រសាសន៍របស់ ឯកឧត្ដមបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានលើក​ឡើងថា វិទ្យាស្ថាន និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានសហប្រតិបត្ដិការបណ្ដុះ​បណ្ដាលជំនាញ​ជូនដល់សិក្ខាកាមជាមួយគ្នាតាំងពីឆ្នាំ២០១៦មកម្ល៉េះ។ កាលណោះ ការចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នា​លើកទី១ទៅលើកម្មវិធី Enterprise Base Vocational Education ក្នុងវិស័យមេកានិចទូទៅ ជំនាញបរិក្ខារឧស្សាហកម្ម (Industry Facility) តាមប្រព័ន្ធទ្វេភាគី (Dual System) ដែលជាកម្មវិធីបណ្ដុះបណ្ដាលរវាងសាលា និងសហគ្រាស​ដោយសិក្សាទាំងក្នុងសាលា និងចុះហ្វឹកហាត់អនុវត្ដផ្ទាល់នៅតាមសហគ្រាសផងដែរ។

ឯកឧត្ដមបណ្ឌិត បន្ដថា បច្ចុប្បន្នកម្មវិធីនេះបានបណ្ដុះបណ្ដាលសិស្សកម្រិត Diploma បានចំនួន ៨ជំនាន់ មកហើយ ដោយក្នុងនោះមានសិស្សសរុប ៨៩នាក់ ស្រី ២៧នាក់ និងបានបញ្ចប់ដោយជោគជ័យចំនួន ៥ជំនាន់ ដែលមាន​សិស្ស​សរុប ៥៨នាក់ ស្រី ១៤នាក់ និងទទួលបានការងារធ្វើនៅក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន សរុបចំនួន ៥៤នាក់ ស្រី ១២នាក់ គិតជាភាគរយស្មើនឹង ៩២%។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានយកចិត្តទុក​ដាក់សហការបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិតស្តង់ដាជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ពោលតាំង​ពីឆ្នាំ២០១៦មកម៉្លេះ។ សម្រាប់កិច្ចសហការបើកវគ្គបណ្ដុះ​បណ្ដាលការងារកំបោរក្នុងវិស័យសំណង់ថ្មី​នាពេលនេះ​មាន​សិក្ខាកាមសរុបចំនួន ៦៦នាក់ នឹងត្រូវបណ្តុះបណ្តាលលើជំនាញកំបោរនៃវិស័យសំណង់សម្រាប់ដំណាក់កាលទី១ ហើយ​ដំណាក់កាលទី២, ៣, និង៤ នឹងបន្តអនុវត្តទៅតាមភាពជាក់ស្តែង៕