តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃ២១ ខែមីនា បានបង្ហាញរបាយការណ៍របស់ខ្លួនដែលសម្រេចបានទំហំពាណិជ្ជកម្មនៃការនាំចេញនាំចូលសរុបបានចំនួន ៦២៨លានដុល្លារអាម៉េរិកក្នុងរយៈពេល២ខែដំបូង ឆ្នាំ២០២៤នេះ។
របាយការណ៍ដដែលឲ្យដឹងថា ទំហំពាណិជ្ជកម្មដែលសម្រេចបានចំនួន ៦២៨លានដុល្លារអាម៉េរិកគឺមានការកើនឡើង ៣៨.៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣កន្លងទៅ។ ក្នុងរយៈពេល២ខែដើមឆ្នាំនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក៏បានទាក់ទាញសហគ្រាសថ្មីបន្ថែមចំនួន ៨សហគ្រាស ខណៈសហគ្រាសកំពុងវិនិយោគសរុបមានចំនួន ១៨៨ មកពីបណ្ដាប្រទេសជុំវិញពិភពលោក។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពេលកន្លងទៅថ្មីៗនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងផ្ដល់ការងារជូនដល់កម្មករនិយោជិតប្រមាណ ២៥.៦០០នាក់ ក្នុងទុនវិនិយោគគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសប្រមាណ ១.៥៤២លានដុល្លារ ហើយមានគម្រោងវិនិយោគសរុបប្រមាណ ២៣១គម្រោង (ដំណើរការសកម្មភាពចំនួន ១០៤គម្រោង) លើផ្ទៃដីទំហំ ១១១៣ហិកតា ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា មុខសញ្ញាវិនិយោគមានដូចជា៖ សំបកកង់រថយន្ត បន្ទះសូឡា ក្តារបន្ទះ សម្ភារៈអេឡិចត្រូនិក ខ្សែបង្គុំអគ្គិសនី គ្រឿងបន្លាស់រថយន្ត ស៊ុមទូរទស្សន៍ គ្រឿងចក្រលើកដាក់ទំនិញ ដែកទីប បរិក្ខារពេទ្យ ក្តារប៉ាកេ គ្រឿងសង្ហារឹម សម្ភារៈបរិក្ខារសម្រាប់កីឡាប្រណាំងសេះ ចំណីសត្វ សម្ភារៈការិយាល័យ វត្ថុអនុស្សាវរីយ៍ សម្ភារៈការពាររាងកាយ សម្ភារៈបរិក្ខារកីឡា សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ស្រោមពូក សម្ភារៈការពារអគ្គីភ័យ សម្លៀកបំពាក់ ស្បែកជើង កាបូប វ៉ាលី សំបកវេចខ្ចប់ កាវ និងទឹកថ្នាំជាដើម។
សូមជម្រាបជូនថា ត្រឹម២ខែដំបូងដើមឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មទូទាំងប្រទេសកម្ពុជាជាមួយប្រទេសសំខាន់ៗ មានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលចំនួននេះបានកើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕