បច្ចុប្បន្នផ្លែដូងក្រអូបស្រស់នៅក្នុងស្រុក នៅតែទទួលបានតម្រូវការច្រើនពីសំណាក់អតិថិជន។ជាមួយនឹងតម្រូវការកាន់តែច្រើន ម្ចាស់ចំការដូងក្រអូបមួយកន្លែងនៅស្រុកសំពៅលូន ខេត្តបាត់ដំបង គ្រោងនឹងតម្លើងរោងចក្រកែច្នៃផ្លែដូងក្រអូបស្រស់ទៅជាដូងក្រអូបកែច្នៃច្រើនប្រភេទ ដើម្បីផ្គត់ផ្គង់នៅក្នុងស្រុក និងនាំចេញ ចៀសវាងនាំចូលពីខាងក្រៅ។
កញ្ញា កេង សុចិន្តា ម្ចាស់ចំការដូងក្រអូប ដាលីង ហ្វាម នៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានឱ្យដឹងថា កញ្ញាមានគម្រោងបង្កើតរោងចក្រកែច្នៃផ្លែដូងក្រអូបដោយខ្លួនឯងផ្ទាល់ ដោយសារតែមើលឃើញពីកំណើននៃផ្លែដូងក៏ដូចជាតម្រូវការកាន់តែច្រើននៅក្នុងស្រុក។
កញ្ញាបានបញ្ជាក់ថា «ក្នុងករណីហ្នឹងគឺមានចិនឱ្យគម្រោងបោះទុនបង្កើតរោងចក្រកែច្នៃ តែខ្ញុំមិនយល់ព្រមទេ ដោយសារគិតវែងឆ្ងាយហើយក៏ត្រៀមតម្លើងដោយខ្លួនឯងវិញ។អីចឹងខ្ញុំអាចធ្វើជា OEM សម្រាប់គាត់ក្នុងលក្ខខណ្ឌណាមួយដែលគាត់ទទួលទិញផ្លែដូងពីខ្ញុំ។បើខ្ញុំទទួលឱ្យគាត់បោះទុនមកធ្វើរោងចក្រ គាត់នឹងកំណត់តម្លៃទិញពីរោងចក្រផ្ទាល់ ដែលអាចធ្វើឱ្យមានបញ្ហាកើតឡើងសម្រាប់កសិករខ្មែរយើងនៅថ្ងៃអនាគតនៅពេលដែលយើងមានផ្លែដូងកាន់តែច្រើនជាងនេះ»។
កញ្ញាបានបន្ថែមទៀតថា ការដែលកញ្ញាមិនទទួលទុនពីចិនដោយសារមិនចង់ឱ្យគេមកកំណត់តម្លៃទិញពីចំការផ្ទាល់ ហើយក៏មិនចង់ឱ្យមានការធ្លាក់ថ្លៃក្នុងការទិញពីកសិករទៀត បើកាលណាតែយើងទទួលទុនពីគេ គេមានសិទ្ធិទាំងអស់នៅក្នុងការទិញ តែបើយើងធ្វើដោយខ្លួនឯង យើងនឹងឱ្យតម្លៃទៅលើគេវិញ។
បើតាមកញ្ញា កេង សុខចិន្តា ការបង្កើតរោងចក្រនេះឡើង ដោយសារកំណើននៃផ្លែដូងក្នុងចំការកញ្ញាមានការកើនឡើង ក៏ដូចជាដៃគូសហការនៃចំការនីមួយៗដែលមានក្នុងដៃក៏ចាប់ផ្តើមផ្លែកើនឡើងផងដែរ ដូច្នេះកញ្ញានឹងទទួលទិញពីពួកគាត់មកវិញដើម្បីកែច្នៃហើយលក់នៅក្នុងស្រុក គោលដៅធំគឺចង់គ្រប់គ្រងនៅក្នុងស្រុកឱ្យបានច្រើនបំផុត កុំឱ្យយើងពិបាកទៅទិញពីថៃ វៀតណាម បន្ទាប់មកបើសល់ក្នុងស្រុក ក៏បែងចែកទៅក្រៅប្រទេសបានកាន់តែល្អថែមទៀត។លើសពីនេះជាការផ្តល់ការងារដល់អ្នកនៅក្នុងស្រុកកាន់តែច្រើនផងដែរ។
បើតាមម្ចាស់ចំការរូបនេះ បច្ចុប្បន្នគម្រោងរោងចក្រកញ្ញាកំពុងតែតម្លើងហើយ ប្រហែលជាខែកក្កដា ឬខែសីហាខាងមុខនឹងរួចរាល់។រោងចក្រនេះនឹងយកឧបករណ៍ទំនើបៗមកកែច្នៃ ដើម្បីកាត់បន្ថយពលកម្ម ដោយសាងសង់លើនៅលើផ្ទៃដី៣ហិកតា មានសមត្ថភាពផលិតបានជាង១ម៉ឺនផ្លែក្នុងមួយថ្ងៃ ឬមួយកុងតឺន័រ។តែបើថ្ងៃអនាគតអាជីវកម្មរីកចម្រើនបានលឿន កញ្ញានឹងពង្រីកតទៅទៀតមួយថ្ងៃអាចដល់៣កុងតឺន័រ។
ចំពោះការកែច្នៃវិញជាប្រភេទដូងរំលីង, ដូងស្រស់រំលីង, ដូងចិតស្អាត, ដូងដុត, សាច់ដូង, ឬធ្វើជាបង្អែមផ្សេងៗ។ប៉ុន្តែបច្ចុប្បន្ននេះ ប្រភេទដូងដុត ដូងចិតស្អាតមានលក់នៅម៉ាក្រូទាំង៣សាខានៅទីក្រុងភ្នំពេញ, តេលាម៉ាតខេមបូឌា, ចំពោះដូងរំលីងមាននៅម៉ាតផ្សេងៗនៅទីក្រុងភ្នំពេញ និងតាមតូបកាហ្វេនានា។រីឯបរិមាណដែលចំការដាលីង ហ្វាមផ្គត់ផ្គង់ក្នុងមួយខែអាចកែច្នៃដូងចាប់ពី៥ពាន់ផ្លែឡើង។ហើយនៅក្នុងត្រីមាសខាងមុខ ម្ចាស់ចំការរូបនេះមានសង្ឈឹមយ៉ាងមុតមាំថាផ្លែដូងនឹងមានការកើនឡើងថែមទៀតអាចដល់ ១ម៉ឺនផ្លែ មួយខែ៕