ក្រុមហ៊ុនផលិតរថយន្ត Isuzu Motors ដែលមានមូលដ្ឋាននៅទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន គ្រោងនឹងចំណាយទឹកប្រាក់ចំនួន ២៤០ពាន់លានបាត (៦,៦ពាន់លានដុល្លារ) ដើម្បីជំរុញការវិនិយោគរបស់ខ្លួនរហូតដល់ឆ្នាំ២០៣០ នៅក្នុងវិស័យផលិតអាគុយ និងរថយន្តប្រភេទភីកអាប់អគ្គិសនី នៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
ក្នុងចំណោមការវិនិយោគសរុបនេះ ទឹកប្រាក់ប្រមាណ ៣០ពាន់លានបាត នឹងត្រូវបែងចែកសម្រាប់ការផលិតអាគុយ និងឧបករណ៍អគ្គិសនី ដោយនេះស្ថិតជាផ្នែកមួយនៃមូលនិធិ ដែលនឹងត្រូវគាំទ្រដល់គម្រោងអព្យាក្រឹតកាបូន ក៏ដូចជាការបំប្លែងឌិជីថល នៅក្នុងវិស័យភស្តុភារ របស់ប្រទេសថៃផងដែរ។
ទន្ទឹមនឹងនេះ លោក Takashi Oodaira អនុប្រធានប្រតិបត្តិផ្នែកយុទ្ធសាស្ត្រអព្យាក្រឹតកាបូន និងផ្នែកវិស្វកម្ម នៅក្នុងក្រុមហ៊ុន Isuzu Motors បាននិយាយថា ៖”យើងកំពុងពិចារណាថាតើយើងនឹងត្រូវចំណាយប៉ុន្មាន សម្រាប់រោងចក្រផលិតអាគុយ និងដំឡើងរថយន្ត EV ខណ:ពេលដែលក្រុមហ៊ុនកំពុងផ្តោតសំខាន់ទៅលើសមត្ថភាពក្នុងការការផលិតអាគុយ ជាមុនសិន” ។
គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនមិនទាន់សម្រេចជាផ្លូវការនៅឡើយនោះទេ ថានឹងត្រូវសាងសង់កន្លែងផលិតអាគុយរបស់ខ្លួននៅទីណា ប៉ុន្តែបានជ្រើសរើសតំបន់មួយ នៅក្នុងខេត្ត Samut Prakan ជាទីតាំងសម្រាប់សាងសង់រោងចក្រសម្រាប់ដំឡើងម៉ាស៊ីនរថយន្តភីកអាប់អគ្គិសនី D-Max របស់ខ្លួនរួចរាល់ហើយ។
ជម្រាបជូនថា ប្រទេសថៃគឺជាមូលដ្ឋានផលិតកម្មដ៏សំខាន់សម្រាប់រថយន្តដែលប្រើម៉ាស៊ីនចំហេះខាងក្នុង (ICE) ដោយអាចផលិតបានរថយន្តចន្លោះពី ១,៨ ទៅ ១,៩ លានគ្រឿងក្នុងមួយឆ្នាំ ខណ:នេះជាចំនួននៃការផលិតរថយន្តដើរដោយថាមពល ICE ច្រើនបំផុត ក្នុងតំបន់អាស៊ាន៕