សារព័ត៌មាន Reuters បានចុះផ្សាយថា កាលពីថ្ងៃទី២១ ខែមីនា រដ្ឋបាលដែលដឹកនាំដោយលោក ចូ បៃដិន បានប្រកាសថាសិស្សនិស្សិតអាមេរិកចំនួន ៧៨ ០០០នាក់ ដែលត្រូវបានខ្ចីប្រាក់សរុបប្រមាណ ៦ពាន់លានដុល្លារ នឹងត្រូវបានរដ្ឋាភិបាលលុបចោលបំណុលទាំងអស់។
លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយផ្តោតជាសំខាន់ទៅលើសិស្សនិស្សិត ដែលរៀនផ្នែកសេវាសាធារណៈថា៖ “បុគ្គលិកសេវាសាធារណៈទាំងនោះ បានលះបង់ភាពនឿយហត់ទាំងឡាយក្នុងអាជីពរបស់ពួកគេ ដើម្បីបម្រើសហគមន៍ ប៉ុន្តែដោយសារតែការបរាជ័យផ្នែករដ្ឋបាលកន្លងមក ពួកគេមិនដែលទទួលបានការជួយជ្រោមជ្រែងនោះឡើយ”។
លើសពីនោះ មន្ត្រីសេតវិមានបានលើកឡើងផងដែរថា ក្រោមការគ្រប់គ្រងពីរដ្ឋបាលលោក បៃដិន កន្លងមកនេះបានធ្វើឲ្យបំណុលចំនួន ១៤៤ពាន់លានដុល្លារ ដែលត្រូវបានខ្ចីដោយសិស្សនិស្សិតអាមេរិកសរុបជិត ៤លាននាក់ត្រូវបានលុបចោលរួចរាល់ហើយ។
គួសបញ្ជាក់ថា ការជួយជ្រោមជ្រែងដោះបំណុលរបស់សិស្សនិស្សិតនេះមិនមែនទើបតែកើតឡើងនោះទេ ពោលវាបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៧ មកម្ល៉េះ ក្រោមកម្មវិធីមួយដែលមានឈ្មោះថា “កម្មវិធីលើកលែងបំណុលសេវាសាធារណៈ” ដែលបង្កើតឡើងមកក្នុងគោលបំណងដើម្បីជួយដោះស្រាយបញ្ហាបំណុលរបស់សិស្សនិស្សិតណាម្នាក់ ដែលមានគោលបំណងធ្វើការជាបុគ្គលិកនៅក្នុងវិស័យសេវាសាធារណៈដូចជា ការងារជាគ្រូបង្រៀន គិលានុបដ្ឋាយិកា និងអ្នកពន្លត់អគ្គិភ័យជាដើម។
សូមជម្រាបថា បំណុលថ្នាក់ឧត្តមសិក្សាបានកើនឡើងដល់ទៅបីដង ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ហើយបើគិតត្រឹមខែមិថុនា ឆ្នាំ២០២៣ សិស្សនិស្សិតអាមេរិកដែលបានខ្ចីប្រាក់ពីធនាគារមានចំនួនប្រហែល ៤៣,៤លាននាក់ ក្រោមកម្ចីដែលមិនទាន់បង់រួចសរុបចំនួន ១,៦៣ពាន់លានដុល្លារ នេះបើយោងតាមគេហទំព័រ Federal Student Aid ៕