ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក ប្រធានក្រុម និងជាខ្សែប្រយុទ្ធលេខ១០ របស់ក្រុមបាល់ទាត់ Khmer United បានប្រកាសនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃសុក្រម្សិលមិញថា លោកនឹងចូលរួមលេងពានរង្វាន់បាល់ទាត់ Soccer League លើកទី៧ ឆ្នាំ២០២៤នេះ និងប្តេជ្ញាយកលេខ១ ឱ្យបានក្នុងនាមជាកីឡាករវ័យ ៤៥ឆ្នាំ។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង តែងតែចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យបាល់ទាត់កម្ពុជា។ កាលឆ្នាំ២០២៣ លោកឧកញ៉ាប្រធានក្រុមហ៊ុន KW Cambodia ទូទាំងប្រទេសរូបនេះ បានបង្កើត ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអន្តរជាតិ ដែលនាំមកជូនដោយ បុរី វិមានសំណាង «Vimean Samnang Cup 2023»។ លោកឧកញ៉ា ក៏ជាអ្នកបង្កើត និងជាអ្នកឧបត្ថម្ភផ្តាច់មុខ ពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព KW Cambodia League ដែលពីមុនប្រើឈ្មោះថា Khmer Real Estate League តាំងពីឆ្នាំ២០១២ ផងដែរ។ រីឯក្រុម Khmer United របស់លោកឧកញ៉ា គឺជាក្រុមមួយដែលមានទម្រង់លេងខ្លាំងគួរឱ្យកត់សម្គាល់ ខណៈដែលកាលចុងខែតុលា ឆ្នាំ២០២២ ក្រុមមួយនេះបានឈ្នះពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព KW Cambodia League 2022។
ពានរង្វាន់បាល់ទាត់ Soccer League លើកទី៧ ឆ្នាំ២០២៤នេះ ត្រូវបានបង្កើតឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី ០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ ក្រុមដែលមានសិទ្ធិចូលរួមប្រកួតរួមមាន៖ ក្រសួង-ស្ថាប័ន, ស.ស.យ.ក.ទាំង២៥ រាជធានី-ខេត្ត និងវិស័យ, គ្រឹះស្ថានឧត្តមសិក្សា, មន្ទីរ អង្គភាព ក្រុង ស្រុក ខណ្ឌ, ក្រុមហ៊ុនឯកជន សមាគម និងអង្គការនានា។
គួរបញ្ជាក់ថា រង្វាន់នៃពាន Soccer League នេះគឺ៖ ក្រុមលេខ១ នឹងទទួលបានពាន១ មេដាយមាស២៧ និងទឹកប្រាក់ ២៥លានរៀល, ក្រុមលេខ២ ទទួលបានមេដាយប្រាក់២៧ និងទឹកប្រាក់ ១០លានរៀល, ក្រុមលេខ៣ ទទួលបានមេដាយសំរិទ្ធ២៧ និងទឹកប្រាក់ ៥លានរៀល ខណៈដែលក្រុមហ្វែរផ្លេ (Fair Play) ទទួលបានប្រាក់លើកទឹកចិត្ត ២លានរៀល៕