ក្រុមហ៊ុនផ្សារទំនើបអ៉ីអននៅកម្ពុជា បានចេញមកបញ្ជាក់ថា ក្រុមហ៊ុនរបស់ខ្លួនមិនទាន់មានគម្រោងសាងសង់សាខាទី៤នៅកម្ពុជានៅឡើយនោះទេ ខណៈក្រុមហ៊ុននេះ ក៏បានចា្រនចោលព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងការបើកដំណើរការគម្រោងថ្មី ផ្សារទំនើបអ៊ីអនទី៤ នៅលើទឹកដីខណ្ឌកំបូលផងដែរ។
នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីការច្រានចោលព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងការបើកដំណើរការគម្រោងថ្មី AEON MALL (AEON MALL 4) និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមក្លែងក្លាយ ពាក់ព័ន្ធនឹងអាជីវកម្មរបស់ AEON MALL នៅកម្ពុជា ដែលផ្សាយចេញកាលពេលថ្មីៗនេះ។
សេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី សូមជម្រាបជូនសាធារណជនទាំងអស់អំពីព័ត៌មានចចាមអារ៉ាមថ្មីៗ ទាក់ទងនឹងការបើកដំណើរការគម្រោងផ្សារទំនើបអ៊ីអនថ្មី ជាពិសេស អ៊ីអនម៉លទី៤ នៅកម្ពុជា។ បន្ថែមពីលើនេះ ក៏មានគណនីបណ្តាញសង្គមក្លែងក្លាយ ដែលអះអាងថា ជាតំណាងផ្សារទំនើបអ៊ីអនរបស់យើង។
ប្រភពដដែលបានបន្តថា៖« យើងខ្ញុំសូមបញ្ជាក់ថា ក្រុមហ៊ុនរបស់យើងមិនមានទំនាក់ទំនងជាមួយនឹងព័ត៌មាននៃការបើកដំណើរការផ្សារទំនើប AEON MALL 4 ឬគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគ្មានការអនុញ្ញាតណាមួយដែលអះអាងថាតំណាងឱ្យពួកយើងឡើយ។ យើងប្តេជ្ញារក្សាតម្លាភាព និងភាពជឿជាក់ជាមួយអតិថិជន និងសហគមន៍របស់យើង ដោយផ្តល់ព័ត៌មានត្រឹមត្រូវ និងផ្ទៀងផ្ទាត់តាមរយៈវេទិកាទំនាក់ទំនងផ្លូវការរបស់យើង។ ការប្រកាសជាផ្លូវការណាមួយទាក់ទងនឹងអាជីវកម្មរបស់យើងនឹងធ្វើឡើងតាមរយៈវេទិកាទំនាក់ទំនងផ្លូវការរបស់យើង»។
សូមរម្លឹកថា ការចេញមកបញ្ជាក់របស់ក្រុមហ៊ុនផ្សារទំនើបអ៉ីអននៅកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយយ៉ាងផុលផុសទាំងលើបណ្តាញសង្គម និងបណ្តាញព័ត៌មាននានាថា ក្រុមហ៊ុនផ្សារទំនើបអ៉ីអន គ្រោងសាងសង់ផ្សារសាខាទី៤នៅលើទឹកដីខណ្ឌកំបូល។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុនផ្សារទំនើបអ៉ីអនកម្ពុជា ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផ្សារទំនើបអ៉ីអន ដែលបង្កើតឡើងកាលពីឆ្នាំ១៩១១ ក្នុងទីក្រុង Chiba ប្រទេសជប៉ុន។នាយកគ្រប់គ្រងផ្សារទំនើប AEON Mall លោក TSUBOYA MASAYUKI ធ្លាប់បានឱ្យដឹងថា ក្រុមហ៊ុន បានបណ្តាក់ទុនប្រមាណ ៧០៦លានដុល្លារ ដើម្បីសាងសង់ផ្សារទំនើបចំនួន៣សាខា នៅប្រទេសកម្ពុជា។
ជាក់ស្តែង មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផ្សារទំនើបអ៊ីអន បានសាងសង់ផ្សារចំនួន៣សាខាហើយនៅលើទឹកដីកម្ពុជា។ សាខាទី១ ស្ថិតនៅលើវិថីសម្តេចសុធារស ក្នុងភូមិសាស្រ្តខណ្ឌចំការមន, សាខាពី២ ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងសាខាទី៣ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ៦០ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ៕ អត្ថបទ៖ រង្សី